National

• 12 hours ago• Lim_Rothanaksambath

សិល្បៈនៃការប៉ាក់ដិនលើស្បៃខ្មែរ ត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ដើម្បីរំលេចអត្តសញ្ញាណ និងបណ្តុះស្មារតីយុវជន

សិល្បៈនៃការប៉ាក់ដិនលើស្បៃខ្មែរ ត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ដើម្បីរំលេចអត្តសញ្ញាណ និងបណ្តុះស្មារតីយុវជន


ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីជំរុញការលើកស្ទួយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីឱ្យបានគង់វង្ស នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ បាននាំយកសិល្បៈប្រពៃណីបុរាណ «ការប៉ាក់ដិនលើស្បៃខ្មែរ» មកដាក់បង្ហាញ និងសម្តែងការប៉ាក់ដោយផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន ចូលរួម ជំរុញគាំទ្រផលិតក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ស្តង់ពិព័រណ៍នៃ «ការប៉ាក់ដិនលើស្បៃខ្មែរ» បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងឥស្សរជនជាន់ខ្ពស់។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ មានព្រះរាជកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដោយទទួលបានព្រះរាជឱកាសគោរពអញ្ជើញ សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងចូលរួមប៉ាក់ដិនលើស្បៃខ្មែរដោយព្រះហស្ថផ្ទាល់។

ទន្ទឹមនឹងនេះ កម្មវិធីក៏មានការអញ្ជើញចូលរួមប៉ាក់ និងស្វែងយល់បន្ថែមយ៉ាងយកចិត្តទុកដាក់ពី លោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសាធារណជនយ៉ាងច្រើនកុះករ។ ការបង្ហាញនេះបានធ្វើឡើងក្រោមការណែនាំ និងពន្យល់បច្ចេកទេសយ៉ាងផ្ចិតផ្ចង់ពីសាស្ត្រាចារ្យ និងអ្នកគ្រូជំនាញមកពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យកាន់តែយល់ដឹងស៊ីជម្រៅ និងរួមគ្នាម៉ឹងម៉ាត់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ។

Inline image
យោងតាមភស្តុតាងប្រវត្តិសាស្ត្រ ស្ទើរតែគ្រប់សម័យកាល តាំងពីសម័យមុនអង្គរ សម័យអង្គរ រហូតដល់សម័យក្រោយអង្គរ «ស្បៃ» គឺជាអត្តសញ្ញាណសម្លៀកបំពាក់ដ៏សំខាន់របស់បុព្វបុរសខ្មែរ ដែលមានកត់ត្រាយ៉ាងច្បាស់លាស់តាមរយៈចម្លាក់បដិមា សិលាចារឹក សាស្ត្រាស្លឹករឹត ក្រាំង និងគំនូរបុរាណ។

ក្នុងការប្រើប្រាស់ និងការគ្រងស្បៃខ្មែរនាពេលបច្ចុប្បន្ន គេតែងបែងចែកទៅតាមប្រភេទសាច់កំណាត់ រូបរាង និងរបៀបគ្រង ដោយក្នុងនោះ «ស្បៃខ្មែរ» ត្រូវបានបែងចែកជា ៧ ប្រភេទធំៗ រួមមាន៖ ស្បៃតាត, ស្បៃភួយ, ស្បៃខ្វៀល, ស្បៃឆៀង, ស្បៃធំ (ឬស្បៃច្រកក), ស្បៃជីបក្លី និង ស្បៃលាត។

បន្ថែមពីលើប្រភេទគ្រឹះទាំង ៧ នេះ ស្បៃខ្មែរក៏ត្រូវបានកែច្នៃ និងច្នៃម៉ូដយ៉ាងប្រណិតតាមប្រភេទក្រណាត់ និងសម័យកាលទំនើបបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ក្នុងពិធីការផ្លូវការ និងពិធីប្រពៃណីផ្សេងៗ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3