National

• 1 week ago• Lim_Rothanaksambath

ដឹងពីព្រឹត្តិការណ៍អមធំៗ ២ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលសាធារណជនអាចចូលទស្សនាដោយសេរី

ដឹងពីព្រឹត្តិការណ៍អមធំៗ ២ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលសាធារណជនអាចចូលទស្សនាដោយសេរី


ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាង ៥,០០០ នាក់ មកពីជាង ៧០ ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ២០ រូប។

ដើម្បីអបអរសាទរ និងបង្កើនការចូលរួមពីមហាជន កម្ពុជាបានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួន ២ នៅរាជធានីភ្នំពេញ ដោយបើកទូលាយជូនប្រជាពលរដ្ឋចូលទស្សនា និងស្វែងយល់ដោយសេរី។

១. ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ធ្វើឡើងចាប់ពីថ្ងៃទី១៣–១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ នៅ សួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដោយបើកឱ្យសាធារណជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ។ សកម្មភាពសំខាន់ៗនៃ «ភូមិហ្វ្រង់កូហ្វូនី» មានដូចជា៖

• ស្តង់ពិព័រណ៍នវានុវត្តន៍ និងអប់រំ៖ ជាទីតាំងសម្រាប់ក្រសួង-ស្ថាប័ន ដៃគូអន្តរជាតិ និងវិស័យឯកជន បង្ហាញពីគម្រោងអប់រំភាសាបារាំង និងការកសាងបណ្តាញអាជីវកម្ម។ ជាពិសេស នៅពន្លាប្រទេសបារាំង មានការតាំងបង្ហាញបច្ចេកវិទ្យា AI សន្ទនាជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។
• ទស្សនីយភាពសិល្បៈ និងវប្បធម៌ចម្រុះ៖ ការសម្តែងតន្ត្រី របាំប្រពៃណី ល្ខោន និងសិល្បៈសហសម័យរបស់កម្ពុជា រួមជាមួយសិល្បករមកពីសហគមន៍ហ្វ្រង់កូហ្វូនីជារៀងរាល់ថ្ងៃ ដើម្បីលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរអន្តរវប្បធម៌។
• ការតាំងបង្ហាញ និងភ្លក្សរសជាតិម្ហូបអាហារ៖ ការណែនាំមុខម្ហូបចម្រុះរបស់បណ្តាប្រទេសនិយាយភាសាបារាំង រួមជាមួយការលើកស្ទួយបេតិកភណ្ឌម្ហូបអាហារខ្មែរ។

Inline image
២. ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច ២០២៦» ធ្វើឡើងចាប់ពីថ្ងៃទី១៤–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) គឺជាវេទិកាបច្ចេកវិទ្យា និងនវានុវត្តន៍ដ៏ធំមួយ ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A–F) រាជធានីភ្នំពេញ ដោយនៅថ្ងៃចាប់ផ្តើមមានកម្មវិធីរាត្រីស្វាគមន៍ (Welcome Evening) នៅ Wild និង Samai។ សកម្មភាពសំខាន់ៗនៃ «ហ្វ្រង់កូតិច ២០២៦» មានដូចជា៖

• ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍៖ តាំងបង្ហាញស្នាដៃ និងផលិតផលបច្ចេកវិទ្យាពីអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាង ២០០ ស្ថាប័ន រួមទាំងពន្លាជាតិរបស់បណ្តាប្រទេសហ្វ្រង់កូហ្វូន។
• ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល៖ កម្មវិធីប្រកួតប្រជែងសម្រាប់ធុរកិច្ចថ្មី (Startups) និងសហគ្រិនបច្ចេកវិទ្យា ដោយផ្តោតលើពានរង្វាន់ «នវានុវត្តន៍ឌីជីថលល្អបំផុត» និង «សហគ្រិនបច្ចេកវិទ្យាស្ត្រីឆ្នើម»។
• វេទិកាពិភាក្សាលើប្រធានបទស្នូលទាំង ៧៖ ការជជែកពិភាក្សាស៊ីជម្រៅលើប្រធានបទយុទ្ធសាស្ត្រ រួមមាន៖ ឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាកសិកម្ម (AgriTech), ធុរកិច្ចថ្មីឌីជីថល (Digital Startups), ស្ត្រីក្នុងវិស័យនវានុវត្តន៍ និង បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ និងវប្បធម៌។

គួររំលឹកឱ្យដឹងផងដែរថា កម្ពុជាបានចូលជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាំងពីឆ្នាំ១៩៩៣ ហើយការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ នៅឆ្នាំ២០២៦ នេះ គឺជាព្រឹត្តិការណ៍ការទូតពហុភាគីកម្រិតកំពូលលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ដែលបង្ហាញពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមត្ថភាពរៀបចំព្រឹត្តិការណ៍សកលរបស់កម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2