National

• 1 week ago• Lim_Rothanaksambath

សន្និសីទវិទ្យាសាស្ត្រអន្តរជាតិហ្វ្រង់កូហ្វូន បើកដំណើរការជាផ្លូវការនៅភ្នំពេញ ក្រោមព្រះរាជូបត្ថម្ភព្រះមហាក្សត្រ ផ្តោតលើយុទ្ធសាស្ត្រ ៤ មុំ

សន្និសីទវិទ្យាសាស្ត្រអន្តរជាតិហ្វ្រង់កូហ្វូន បើកដំណើរការជាផ្លូវការនៅភ្នំពេញ ក្រោមព្រះរាជូបត្ថម្ភព្រះមហាក្សត្រ ផ្តោតលើយុទ្ធសាស្ត្រ ៤ មុំ


ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ «សន្និសីទវិទ្យាសាស្ត្រអន្តរជាតិ» (Colloque scientifique international) នៃកិច្ចប្រជុំសាកលវិទ្យាល័យ និងវិទ្យាសាស្ត្រហ្វ្រង់កូហ្វូននៅកម្ពុជា ក្រោមព្រះរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការចូលរួមពី លោកសាស្ត្រាចារ្យ Slim Khalbous សាកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី (AUF) តំណាង AUF ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាធិការ ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតជាតិ-អន្តរជាតិជាច្រើនរូប។

សន្និសីទវិទ្យាសាស្ត្រអន្តរជាតិនេះ គឺជាផ្នែកមួយដ៏សំខាន់នៃព្រឹត្តិការណ៍អមរបស់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយប្រមូលផ្ដុំអ្នកចូលរួមមកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងសហគមន៍ហ្វ្រង់កូហ្វូនទូទាំងពិភពលោកប្រមាណ ៩០ ប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពី លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងពិធីបើកសម្ពោធជាផ្លូវការនាថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការលើកកម្ពស់វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងឧត្តមសិក្សា គឺជាការកំណត់អនាគតសង្គម សេចក្ដីថ្លៃថ្នូរប្រជាជន និងអធិបតេយ្យភាពបញ្ញាស្មារតី និងសេដ្ឋកិច្ច។ គ្រឹះស្ថានឧត្តមសិក្សា និងអង្គភាពស្រាវជ្រាវ មិនអាចស្ថិតនៅដាច់ដោយឡែកពីសង្គមបានឡើយ ពោលគឺត្រូវប្រែក្លាយខ្លួនទៅជា «បេះដូងនៃសង្គម» ក្នុងការបង្កើតដំណោះស្រាយជាក់ស្ដែងចំពោះវិបត្តិសង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមុំយុទ្ធសាស្ត្រស្នូលចំនួន ៤ ដើម្បីតម្រង់ទិសការងារស្រាវជ្រាវ និងអប់រំ៖

1. សុខភាពសាធារណៈ និងសុខុមាលភាពមនុស្ស៖ ផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យសុខាភិបាល ជាពិសេសការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងសុខុមាលភាពប្រជាជន ដែលជាកត្តាស្នូលនៃការអភិវឌ្ឍជាតិ។
2. ការស្រាវជ្រាវសមាហរណកម្ម និងការអភិវឌ្ឍ៖ ជំរុញការស្រាវជ្រាវឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងសុខាភិបាល ព្រមទាំងពង្រឹងទំនាក់ទំនងរវាងការស្រាវជ្រាវ វិស័យផលិតកម្ម និងការកំណត់គោលនយោបាយ ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍។
3. សហគមន៍វិទ្យាសាស្ត្រហ្វ្រង់កូហ្វូនី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ បន្តពង្រឹងភាពជាដៃគូតាមរយៈទីភ្នាក់ងារ AUF និងបណ្ដាញសាកលវិទ្យាល័យ ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរចំណេះដឹង ជំនាញ បទពិសោធ និងជំរុញគុណភាពឧត្តមសិក្សាកម្ពុជាឱ្យស្របតាមស្ដង់ដារអន្តរជាតិ។
4. សន្តិភាព ក្រមសីលធម៌ និងគុណតម្លៃមនុស្សធម៌៖ សង្កត់ធ្ងន់លើតួនាទីរបស់អ្នកស្រាវជ្រាវ និងគ្រូបង្រៀនក្នុងការអប់រំយុវជនឱ្យប្រកាន់ខ្ជាប់នូវគុណតម្លៃសន្តិភាព ភាតរភាព សាមគ្គីភាព យុត្តិធម៌ ការទទួលខុសត្រូវជាពលរដ្ឋសកល និងការគោរពជីវិតមនុស្ស។

ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យយុវជនដែលជាទំពាំងស្នងឫស្សី បន្តរក្សាភាពម៉ឺងម៉ាត់ក្នុងការសិក្សាស្រាវជ្រាវ មានមហិច្ឆតាធំធេង និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមបម្រើសង្គមជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលប្ដេជ្ញាបន្តគាំទ្រដល់ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសិក្សា ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់តម្លៃនៃការងារដ៏ថ្លៃថ្លារបស់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
បន្ទាប់ពីពិធីបើកជាផ្លូវការ អង្គពិធីទាំងមូលបានបន្តដំណើរបែងចែកជាក្រុមពិភាក្សាស៊ីជម្រៅតាមប្រធានបទជំនាញនីមួយៗ។

សូមជម្រាបឱ្យដឹងផងដែរថា ទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី (Agence Universitaire de la Francophonie - AUF) គឺជាសមាគមគ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវធំជាងគេមួយលើពិភពលោក ដែលមានសមាជិកជាង ១,០០០ ស្ថាប័ន នៅក្នុងជាង ១០០ ប្រទេស។ នៅកម្ពុជា AUF បានសហការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានា រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ក្នុងការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

ការពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍ និងគុណភាពឧត្តមសិក្សា គឺជាអាទិភាពស្នូលនៃមុំទី១ ស្ដីពី «ការអភិវឌ្ឍមូលធនមនុស្ស» ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3