National

• 1 week ago• Lim_Rothanaksambath

ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ធំ ដែលរងការបំផ្លាញដោយគ្រាប់បែកយោធាថៃ ត្រៀមស្វាគមន៍ទេសចរជាតិ-អន្តរជាតិ ដើម្បីសិក្សាស្វែងយល់

ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ធំ ដែលរងការបំផ្លាញដោយគ្រាប់បែកយោធាថៃ ត្រៀមស្វាគមន៍ទេសចរជាតិ-អន្តរជាតិ ដើម្បីសិក្សាស្វែងយល់


ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលព្រឹត្តិការណ៍ការទូតប្រវត្តិសាស្ត្រនេះ នឹងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាង ៥,០០០ នាក់ មកពីជាង ៧០ ប្រទេស។

ស្របពេលដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក កំពុងត្រៀមបង្ហាញវត្តមានលើទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍អមសំខាន់ៗចំនួន ២ គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច ២០២៦» ក៏ត្រៀមស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិមកពីជុំវិញពិភពលោក នៅបរិវេនសួនច្បារមុខវត្តបទុមវតី និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍អមទាំងពីរនេះ នាំមកនូវមរតកវប្បធម៌ អត្តសញ្ញាណខ្មែរ តាំងបង្ហាញស្នាដៃ និងផលិតផលការបង្កើតស្នាដៃសិល្បៈ កម្មវិធីប្រកួតប្រជែងធុរកិច្ច ឱកាសសិក្សា/ផ្លាស់ប្តូរបទពិសោធន៍, វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើនទៀត។ល។

អ្វីដែលពិសេសខ្លាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងបានឃើញស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យរបស់ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ធំ ដែល​រងការខូចខាតធ្ងន់ធ្ងរដោយសារយោធាថៃ ទម្លាក់គ្រាប់បែក និងបាញ់ផ្លោងគ្រាប់ នាជម្លោះព្រំដែនផ្លូវគោកកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។

Inline image
ស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យរបស់ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ធំ នឹងតាំងបង្ហាញជាសាធារណៈនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» (Francophonie Village) នាបរិវេណសួនច្បារវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយថ្នាក់ដឹកនាំ សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចអញ្ញើញទៅទស្សនាស្ថាបត្យកម្មសំណង់ដោយសេរី និងឥតគិតថ្លៃ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីប្រាសាទបុរាណខ្មែរទាំង ៣ខាងលើនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3