National
• 1 week ago• Lim_Rothanaksambath
កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»

ភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដាក់ពង្រាយកម្លាំងយ៉ាងសកម្ម ដើម្បីត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈយ៉ាងម៉ឺងម៉ាត់បំផុត នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីធានាសុវត្ថិភាពកម្រិតខ្ពស់បំផុតក្នុងថ្ងៃដំបូងនៃពិធីបើកជាផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ប្រតិបត្តិការការពារសន្តិសុខដ៏ម៉ឺងម៉ាត់នេះ គឺអនុវត្តតាមបទបញ្ជា និងផែនការមេដែលបានរៀបចំទុក។ ជាក់ស្តែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ» បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ផែនការការពារនេះទទួលបានការឯកភាព និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទន្ទឹមនឹងនេះ ឯកឧត្តមអគ្គស្នងការក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងការត្រៀមលក្ខណៈរួចរាល់ទាំងស្រុងរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ដោយបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ពីបណ្តាប្រទេសជុំវិញពិភពលោក ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កំពូល និងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន «ភូមិហ្វ្រង់កូហ្វូនី» និងវេទិកា «ហ្វ្រង់កូតិច» (FrancoTech) ដែលនឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចទៅកាន់ពិភពលោក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



