National

• 1 week ago• Lim_Rothanaksambath

កម្ពុជា និងបារាំង ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៨ លើវិស័យអវកាស ថាមពល ការពារជាតិ និងអាកាសចរណ៍

កម្ពុជា និងបារាំង ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៨ លើវិស័យអវកាស ថាមពល ការពារជាតិ និងអាកាសចរណ៍
ភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងអញ្ញើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី François Mitterrand កាលពីឆ្នាំ១៩៩៣។

យោងតាមប្រភពពីសារព័ត៌មានអន្តរជាតិ Intelligence Online បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនេះភាគីទាំងពីរ កម្ពុជា និងបារាំង គ្រោងនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២៨ គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន៖

- វិស័យអវកាស (Space Sector)៖ កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Airbus Defence and Space (ADS) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្នុងគោលដៅផ្តល់ការបណ្តុះបណ្តាលលើវិស័យរូបភាពអវកាស (Space Imagery) សម្រាប់គោលបំណងស៊ីវិល ដូចជាការការពារបរិស្ថាន និងវិស័យកសិកម្ម ដើម្បីជួយឱ្យកម្ពុជាកសាងសមត្ថភាពជំនាញ ដើម្បីអភិវឌ្ឍកម្មវិធីអវកាសផ្ទាល់ខ្លួននាពេលអនាគត ដែលនឹងត្រូវតភ្ជាប់ជាមួយក្រុមហ៊ុនយក្សអឺរ៉ុប Bromo។

Inline image
- វិស័យថាមពល (Energy Sector)៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីបារាំង EDF (Électricité de France) ត្រៀមផ្លូវការក្នុងការចុះហត្ថលេខាលើ គម្រោងវារីអគ្គិសនីបូមប្រេងផ្ទេរថាមពល (Pumped-Storage Power Station - PSP) នៅកម្ពុជា។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្តុកថាមពលវារីអគ្គិសនីនេះ មានតម្លៃទឹកប្រាក់លើសពី ១ពាន់លានអឺរ៉ូ។ ភាគរយភាគហ៊ុនចំនួន ៤៩% នឹងកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា និង ៥១% ដោយក្រុមហ៊ុន EDF ដោយមានការចូលរួមពីវិនិយោគិនអន្តរជាតិផ្សេងទៀត។

- វិស័យការពារជាតិ និងអាកាសចរណ៍ (Defence and Airports)៖ កិច្ចព្រមព្រៀងបណ្តុះបណ្តាលនឹងផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រីយោធាកម្ពុជា ខណៈក្រុមហ៊ុនបារាំង និងអន្តរជាតិកំពុងស្វែងរកឱកាសសហការ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះតុល្យភាពភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ។
ក្នុងនោះ ក្រុមហ៊ុន Vinci Airports កំពុងទាញយកឱកាសពីដំណើរទស្សនកិច្ចនេះ ដើម្បីពិភាក្សាជាមួយអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការបន្តគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Amarante International ក៏បង្ហាញបំណងចង់ក្លាយជាប្រតិបត្តិករសន្តិសុខអាកាសយានដ្ឋានថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ផងដែរ។

-ការទូតពាណិជ្ជកម្ម និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង គឺធ្វើឡើងស្របពេលគ្នានឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីកិច្ចការទូតទ្វេភាគី កម្ពុជាក៏កំពុងជំរុញការទូតពាណិជ្ជកម្មតាមរយៈការចុះហត្ថលេខាជាមួយទីភ្នាក់ងារវិនិយោគពីតំបន់កេបិច (Quebec) រ្វ៉ាន់ដា កុងហ្គោ រ៉ូម៉ានី និងម៉ូណាកូ ព្រមទាំងកិច្ចព្រមព្រៀងរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការនិយោជកហ្វ្រង់កូហ្វូនី។

ជាមួយគ្នានោះ ព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏ធំ FrancoTech និងកិច្ចប្រជុំ Rencontre des entrepreneurs francophones (REF) ដែលរៀបចំដោយសម្ព័ន្ធនិយោជកបារាំង Alliance des Patronats francophones សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក៏រំពឹងថានឹងទាក់ទាញអ្នកចូលរួមអន្តរជាតិរហូតដល់ ៧៥០នាក់ និងជាតិ ២០០០នាក់ផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3