National
• 6 days ago• Lim_Rothanaksambath
កម្ពុជា-បារាំង ចុះកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ២៩ ឯកសារ ជាមួយជំនួយថាមពលជាង ២០០ លានដុល្លារ និងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់នៅកោះកុង (៧០០-៩០០ លានដុល្លារ)

រាជធានីភ្នំពេញ៖ នៅវិមានសន្តិភាព កម្ពុជា និងបារាំង បានបង្កើតសមិទ្ធផលការទូត និងសេដ្ឋកិច្ចដ៏ធំមួយជាប្រវត្តិសាស្ត្រ តាមរយៈការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ក្រោមសហអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ក្នុងកញ្ចប់កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ ក៏មានការផ្ដល់ជំនួយក្នុងវិស័យថាមពលជាង ២០០ លានដុល្លារ និងការសិក្សាគម្រោងវារីអគ្គិសនីខ្នាតយក្សថ្មី ៨០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង ផងដែរ។
តើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចំនួន ២៩ ឯកសារ រវាងកម្ពុជា-បារាំង មានអ្វីខ្លះ?
ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានគ្របដណ្ដប់លើវិស័យស្នូលជាច្រើនទាំងវិស័យសាធារណៈ និងឯកជន ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ឯកសារសំខាន់ៗទាំង ២៩ រួមមាន៖
១- កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី
២- កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ
៣- សេចក្ដីប្រកាសបំណងស្ដីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ
៤- ឯកសារស្ដីពីការប្ដេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គិសនី
៥- សេចក្ដីប្រកាសបំណងស្ដីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ
៦- កិច្ចសន្យាបង្កើតទីផ្សារបោះដុំ

រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជនផ្សេងៗទៀតចំនួន ២៣។
ដោយឡែក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា «ចំពោះវិស័យថាមពលដែលជាចំណុចលេចធ្លោដ៏សំខាន់មួយទៀត ភាគីបារាំងបានផ្ដល់ជំនួយគាំទ្រវិស័យថាមពលដល់កម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២០០ លានដុល្លារ»។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលបារាំង EDF និងអគ្គិសនីកម្ពុជា (EDC) ក៏បានចុះហត្ថលេខាលើការសិក្សាសមិទ្ធលទ្ធភាពវិនិយោគរួមគ្នា លើគម្រោងវារីអគ្គិសនីថ្មីមួយមានអានុភាពរហូតដល់ ៨០០ មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង ដែលត្រូវបានប៉ាន់ស្មានថាមានទុនវិនិយោគចន្លោះពី ៧០០ ទៅ ៩០០ លានដុល្លារអាមេរិក។
គម្រោងថាមពលដ៏ធំនេះ ត្រូវបានរំពឹងថានឹងនាំមកនូវផលប្រយោជន៍ថ្មីបន្ថែមដ៏ធំធេងសម្រាប់សន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅថ្ងៃអនាគត។ សមិទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នេះ កើតចេញពីផ្លែផ្កានៃការបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលបារាំង។
ពីសារព័ត៌មាន The Khmer Daily
