National
• 6 days ago• Lim_Rothanaksambath
កម្ពុជាប្រើវេទិកាធំៗពីរ ដាក់សម្ពាធការទូតទៅថៃ ឱ្យគោរពអធិបតេយ្យភាពកម្ពុជា ដោយបារាំងអះអាងថាជួយស្ដារសន្តិភាពឡើងវិញ

ភ្នំពេញ ៖ កម្ពុជាបានប្រើប្រាស់វេទិកាការទូតដ៏ធំចំនួនពីរព្រមគ្នា ទាំងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ និងវេទិកាកិច្ចប្រជុំកំពូលអាស៊ាន-អាយប៉ា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដើម្បីដាក់សម្ពាធការទូតទៅភាគីថៃឱ្យគោរពអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងដោះស្រាយជោគវាសនាជនភៀសសឹកជាង ២ ម៉ឺននាក់។ ចំពោះមុខចលនាការទូតនេះ បារាំងបានអះអាងពីការប្ដេជ្ញាជួយស្ដារសន្តិភាពឡើងវិញតាមរយៈការសន្ទនា ខណៈភាគីថៃបានឆ្លើយតបដោយស្នើឱ្យដោះស្រាយតាមយន្តការទ្វេភាគី។
នៅក្នុងវេទិកាទី១ នាពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ និងចំពោះមុខប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីបណ្ដាប្រទេសជាង ៨០ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដោយចំៗអំពីការប៉ះទង្គិចតាមព្រំដែនជាមួយថៃកាលពីឆ្នាំ២០២៥។ សម្ដេចធិបតីបានថ្លែងអះអាងថា កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុនឡើយ ហើយផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជានៅតែត្រូវបានកងទ័ពថៃកាន់កាប់ ខណៈពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ សម្ដេចក៏បានបញ្ជាក់ជំហរថា គ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងអាវុធ ឬការបង្កើតអង្គហេតុជាក់ស្ដែងលើទីតាំងបានឡើយ ព្រមទាំងអំពាវនាវឱ្យចាប់ផ្ដើមការខណ្ឌសីមាព្រំដែនរួមគ្នាឡើងវិញដោយផ្អែកលើច្បាប់អន្តរជាតិ។
ឆ្លើយតបទៅនឹងបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃដដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងពីការប្ដេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការគាំទ្រ និងជំរុញឱ្យកម្ពុជា-ថៃ វិលត្រឡប់ទៅរកការសន្ទនាឡើងវិញ ទាំងតាមក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគីសមស្រប ដើម្បីស្ដារសន្តិភាព និងស្វែងរកដំណោះស្រាយតាមរយៈការចរចាស្របតាមច្បាប់អន្តរជាតិ។ លោក Macron បានសង្កត់ធ្ងន់ថា គ្រប់ភាគីត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបង្ការកុំឱ្យសង្គ្រាមវិលត្រឡប់មកតំបន់នេះវិញ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលសន្តិភាពរវាងប្រទេសទាំងពីរ។
ស្របពេលជាមួយគ្នានោះ នៅក្នុងវេទិកាទី២ នារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ បានទទួលការគាំទ្រជាឯកច្ឆន្ទពីសភាសមាជិកទាំងអស់ ក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាពស្ដីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២០.០០០ នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា (AIPA) ជូនប្រមុខដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំទល់មុខគ្នា ASEAN-AIPA លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។

សាររបស់អាយប៉ា ដែលអានដោយ ឯកឧត្តម Faustino Bojie G. Dy III ប្រធានរដ្ឋសភាហ្វីលីពីន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Ferdinand R. Marcos Jr. បានលើកទឹកចិត្តឱ្យកម្ពុជា-ថៃ គោរពនិងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) សេចក្ដីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥) ព្រមទាំងគាំទ្រតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងជំរុញឱ្យសម្រួលដល់ការវិលត្រឡប់របស់ជនភៀសសឹកជាង ២០.០០០ នាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្ដីថ្លៃថ្នូរ និងការពារសិទ្ធិមូលដ្ឋានរបស់ពួកគេ។ តួលេខជនភៀសសឹកជាង ២០.០០០ នាក់នេះ ក៏ត្រូវបានបញ្ជាក់ជាផ្លូវការក្នុងសេចក្ដីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ផងដែរ។
យ៉ាងណាមិញ ចំពោះមុខការលើកឡើងរបស់កម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល បានចេញសេចក្ដីថ្លែងការណ៍តបនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយជំរុញឱ្យភាគីទាំងពីរស្ដារទំនាក់ទំនង និងកុំទាញយកជម្លោះទ្វេភាគីទៅលើឆាកអន្តរជាតិ ឬឱ្យប្រទេសទីបីពាក់ព័ន្ធ។ លោក អនុធីន បានអះអាងថា ថៃតែងតែគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ហើយសកម្មភាពរបស់ខ្លួនគឺដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពពលរដ្ឋថៃ ដោយបញ្ជាក់ថា ថៃប្ដេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។
ក្រៅពីបញ្ហាព្រំដែន ក្នុងវេទិកាអាយប៉ា កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រចំនួន ៤ បន្ថែមទៀត រួមមាន ការពង្រឹងគោលការណ៍គ្រឹះអាស៊ានលើការគោរពអធិបតេយ្យភាពនិងការពារជនស៊ីវិល កិច្ចសហប្រតិបត្តិការលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្នក្រោមស្មារតី «មិនទុកនរណាម្នាក់ចោល» និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីរួមចំណែកកសាងសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព៕
ពីសារព័ត៌មាន The Khmer Daily
ពីសារព័ត៌មាន The Khmer Daily



