National
• 5 days ago• Lim_Rothanaksambath
ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្នុងទិសដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក» (E-Services) សម្រាប់វិស័យការងារ និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សំដៅសម្រួលដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ និយោជក និងវិនិយោគិនឱ្យកាន់តែឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
ដើម្បីបង្កើនភាពងាយស្រួលដល់សាធារណជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបែងចែកច្រកចូលប្រើប្រាស់សេវាឌីជីថលជា ២ ស្ថាប័នចម្បង៖
• ប្រព័ន្ធគ្រប់គ្រងសេវាសាធារណៈវិស័យការងារ (LACMS)៖ សម្រាប់សេវាពាក់ព័ន្ធនឹងវិស័យការងារ អាចចូលទៅកាន់ ៖ lacms.mlvt.gov.kh
• ប្រព័ន្ធគ្រប់គ្រងសេវាសាធារណៈវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ (TVCMS)៖ សម្រាប់សេវាពាក់ព័ន្ធនឹងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចូលទៅកាន់ ៖ tvcms.mlvt.gov.kh
នៅក្នុងដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់នេះ ក្រសួងការងារបានបញ្ចូលសេវាសាធារណៈអាទិភាព និងសំខាន់ៗចំនួន ៤ ចូលទៅក្នុងប្រព័ន្ធឌីជីថល រួមមាន៖
1. ការចុះបញ្ជីការអនុញ្ញាតបើកគ្រឹះស្ថានបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងសុខភាពការងារ៖ សម្រួលដល់ការស្នើសុំ និងការត្រួតពិនិត្យឯកសារផ្លូវច្បាប់សម្រាប់គ្រឹះស្ថានដែលផ្តល់ការអប់រំផ្នែកសុវត្ថិភាពការងារ។
2. ការចុះបញ្ជីបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)៖ ផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងការស្នើសុំបង្កើត ឬចុះបញ្ជីស្របច្បាប់។
3. ការផ្តល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុនជាទីភ្នាក់ងារជ្រើសរើសឯកជនបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស៖ បង្កើនតម្លាភាព ការតាមដាន និងការគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសពលករ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករខ្មែរនៅបរទេស។
4. ការផ្តល់លិខិតអនុញ្ញាតឱ្យបើកទីភ្នាក់ងារឯកជនផ្តល់សេវារកការងារឱ្យធ្វើក្នុងស្រុក៖ សម្រួលដំណើរការរដ្ឋបាលសម្រាប់ក្រុមហ៊ុន ឬអង្គភាពដែលផ្តល់សេវាកម្មផ្គូផ្គងកម្លាំងពលកម្មនៅក្នុងប្រទេស។
ការធ្វើទំនើបកម្មប្រព័ន្ធសេវាសាធារណៈរបស់ក្រសួងការងារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ គឺជាផ្នែកមួយយ៉ាងសំខាន់នៃ «រដ្ឋាភិបាលឌីជីថល» ដែលឆ្លើយតបទៅនឹងសសរស្ដម្ភទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕
ប្រភព៖ https://www.facebook.com/share/p/19fXFqJdSm/

