National

• 5 days ago• Lim_Rothanaksambath

តើថៃ និងកម្ពុជា ប្រជែងគ្នារកការគាំទ្រពីអន្តរជាតិ ខណៈលោក ត្រាំ មកដល់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយបារាំងបង្ហាញជំហរជួយស្ដារសន្តិភាព?

តើថៃ និងកម្ពុជា ប្រជែងគ្នារកការគាំទ្រពីអន្តរជាតិ ខណៈលោក ត្រាំ មកដល់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយបារាំងបង្ហាញជំហរជួយស្ដារសន្តិភាព?


ការចុះផ្សាយរបស់កាសែត SCMP ពីទីក្រុងបាងកក បានសង្កត់ធ្ងន់ថា ថៃ និងកម្ពុជា កំពុងព្យាយាមគ្រប់គ្រងសាច់រឿងការទូតលើឆាកអន្តរជាតិជុំវិញជម្លោះព្រំដែនរបស់ពួកគេ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍។

សង្គ្រាមព្រំដែនរយៈពេលខ្លី ប៉ុន្តែសាហាវកាលពីឆ្នាំមុន ជុំវិញទឹកដីមានជម្លោះ បានសម្លាប់ជនជាតិថៃ និងកម្ពុជារាប់សិបនាក់ មុនពេលបទឈប់បាញ់មួយត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំមុន នៅចំពោះមុខលោក ត្រាំ ដែលបានភ្ជាប់កិច្ចព្រមព្រៀងនោះទៅនឹងការកាត់បន្ថយពន្ធគយ។ សេតវិមាន បានលើកយកបទឈប់បាញ់នោះមកបង្ហាញជាស្នាដៃបញ្ជាក់ពីគុណសម្បត្តិរបស់លោក ត្រាំ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព បើទោះបីជាលោកមានសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងការធ្វើអន្តរាគមន៍យោធានៅវ៉េណេស៊ុយអេឡា និងយេម៉ែនក្ដី។

លោក ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងម៉ានីលនាថ្ងៃអង្គារនេះ ប្រទេសទាំងពីរសុទ្ធតែចង់បង្ហាញឱ្យគេឃើញថា ខ្លួនកំពុងប្រកាន់ខ្ជាប់នូវចំណែកនៃកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីបញ្ឈប់អំពើហិង្សា។

ប្រទេសនីមួយៗសុទ្ធតែទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ថាជាអ្នកបង្កឱ្យមានជម្លោះលើខ្សែបន្ទាត់ព្រំដែនគោកដែលគូសដោយអាណានិគមបារាំង។ កម្ពុជាក៏បានស្វែងរកមជ្ឈត្តការពីអង្គការសហប្រជាជាតិ លើដែនសមុទ្រដែលមានជម្លោះផងដែរ ដែលត្រូវបានគេជឿថាមានផ្ទុកធនធានឧស្ម័នធម្មជាតិដ៏សម្បូរបែប។ភាពតានតឹងបានកើតឡើងសាជាថ្មី ខណៈប្រទេសទាំងពីរ ប្រជែងគ្នាអូសទាញមេដឹកនាំពិភពលោក ដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីសម្រាប់កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ ឱ្យមកគាំទ្រខាងភាគីរបស់ខ្លួន។

ដោយឡែក កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron ចំពោះការគាំទ្ររបស់លោក។ សម្ដេចបានប្រាប់ក្រុមមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមការប៉ះទង្គិចគ្នានោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់»។ សម្ដេចបានបន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសយើងទាំងពីរ»។

Inline image

ជាការឆ្លើយតប នៅក្នុងសន្និសីទសារព័ត៌មានរួមនៅវិមានសន្តិភាពនាថ្ងៃអាទិត្យដដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញជំហរយ៉ាងច្បាស់លើការដោះស្រាយតាមផ្លូវច្បាប់ និងប្ដេជ្ញាជួយស្ដារសន្តិភាពរវាងកម្ពុជា និងថៃឡើងវិញ។ លោក Macron បានថ្លែងថា ប្រទេសបារាំងប្ដេជ្ញាគាំទ្រ និងលើកទឹកចិត្តឱ្យភាគីទាំងពីរវិលទៅរកការសន្ទនា ទាំងតាមក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគីសមស្របនានា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមការចរចា ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសនីមួយៗ ដោយលោកបានសង្កត់ធ្ងន់ថា «យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបង្ការកុំឱ្យសង្គ្រាមវិលត្រឡប់មកតំបន់នេះសាជាថ្មី»។
បន្ថែមពីនេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបិទបញ្ចប់នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ក៏បានអនុម័តសេចក្ដីសម្រេច ៨៤ ចំណុច ស្ដីពីស្ថានភាពវិបត្តិ និងការកសាងសន្តិភាព ដោយគាំទ្រអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ច្បាប់អន្តរជាតិ សម្ដែងការព្រួយបារម្ភចំពោះជនភៀសសឹក និងបដិសេធការកែប្រែព្រំដែនដោយកម្លាំង។ គួររំលឹកដែរថា ក្នុងនាមជាអតីតប្រទេសអាណាព្យាបាលដែលបានគូសខ្សែបន្ទាត់ព្រំដែនប្រវត្តិសាស្ត្រ បារាំងក៏ធ្លាប់បង្ហាញជំហរត្រៀមផ្ដល់ឯកសារបណ្ណសារប្រវត្តិសាស្ត្រ និងជំនួយបច្ចេកទេសដល់ភាគីពាក់ព័ន្ធតាមការស្នើសុំផងដែរ។

យ៉ាងណាមិញ ប្រទេសថៃបានសម្ដែងការមិនពេញចិត្តភ្លាមៗ ចំពោះអ្វីដែលខ្លួនយល់ថាជាការព្យាយាមស្វែងរកការអាណិតអាសូរពីសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។ ទីក្រុងបាងកកនៅតែប្រកាន់ជំហរថា ការប៉ះទង្គិចគ្នានោះគឺកើតចេញពីការទន្ទ្រានចូលទឹកដីរបស់ខ្លួនពីសំណាក់ទីក្រុងភ្នំពេញ ហើយទទូចថាបញ្ហានេះគួរតែស្ថិតនៅត្រឹមតែរវាងប្រទេសជិតខាងទាំងពីរ។
នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានឆ្លើយតបវិញនៅថ្ងៃដដែលនោះ។

លោក អនុធីន បានសរសេរនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃអាទិត្យថា៖ «ប្រទេសថៃតែងតែគោរពរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា ហើយនឹងប្រកាន់ខ្ជាប់ជានិច្ចនូវច្បាប់អន្តរជាតិ។ សកម្មភាពរបស់យើងគឺមានគោលដៅយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសំខាន់បំផុតគឺសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនថៃ»។
«ប្រទេសថៃនឹងមិនលើកយកជម្លោះទ្វេភាគីណាមួយ ជាពិសេសលើបញ្ហាទឹកដី និងមនុស្សធម៌ ទៅពិភាក្សាជាមួយប្រទេសដទៃទៀតដែលមិនមែនជាភាគីនៃជម្លោះឡើយ»។

កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ដោយមេដឹកនាំនានាបានពិភាក្សាអំពីចំណុចក្ដៅមួយចំនួន ដូចជាសង្គ្រាមស៊ីវិលដែលកំពុងបន្ត និងភាពឯកោផ្នែកការទូតរបស់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងវិបត្តិបំពុលបរិយាកាសឆ្លងដែនដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី ដែលបានគ្របដណ្ដប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីទៅដោយផ្សែងពុល។

ប៉ុន្តែ ភាពចម្រូងចម្រាសរវាងថៃ និងកម្ពុជា កំពុងគំរាមកំហែងបង្កើតជារឿងក្រៅឆាកដ៏អាក្រក់មើល នៅក្នុងដំណើរមកដល់របស់លោក ត្រាំ។
ប្រទេសថៃមានការមិនសប្បាយចិត្តរួចស្រេចទៅហើយ ដែលប្រទេសជិតខាងតូចជាងខ្លួនមួយនេះ បានយកការទាមទារលើដែនទឹកមានជម្លោះក្នុងឈូងសមុទ្រថៃ ទៅប្ដឹងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

កម្ពុជាបាននិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីងាកទៅរកអង្គការសហប្រជាជាតិនោះទេ បន្ទាប់ពីប្រទេសថៃកាលពីដើមឆ្នាំនេះ បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលធ្លាប់បានរក្សាក្ដីសង្ឃឹមនៃការអភិវឌ្ឍរួមគ្នាលើដែនទឹកមានជម្លោះនោះ ដែលត្រូវបានប៉ាន់ស្មានថាមានឧស្ម័នធម្មជាតិប្រមាណ ៣៤០ ពាន់លានម៉ែត្រគូប (១២ ទ្រីលានហ្វីតគូប) និងប្រេងឆៅរហូតដល់ ៧០០ លានបារ៉ែល។

ពីសារព័ត៌មាន The KDN News
End image 1
End image 2