National

• 5 days ago• Lim_Rothanaksambath

ឥទ្ធិពលការទូតក្រៅឆាក៖ មុនចាកចេញពីកម្ពុជា លោក ម៉ាក្រុង បន្សល់ទុករូបភាពដ៏កក់ក្ដៅ និងសារវិជ្ជមានល្បីសុះសាយជុំវិញពិភពលោក

ឥទ្ធិពលការទូតក្រៅឆាក៖ មុនចាកចេញពីកម្ពុជា លោក ម៉ាក្រុង បន្សល់ទុករូបភាពដ៏កក់ក្ដៅ និងសារវិជ្ជមានល្បីសុះសាយជុំវិញពិភពលោក

រាជធានីភ្នំពេញ (KDN News)៖ បិទបញ្ចប់បេសកកម្មផ្លូវរដ្ឋ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក Emmanuel Macron មិនត្រឹមតែបន្សល់ទុកនូវសមិទ្ធផលការទូតនៅក្នុងសាលប្រជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញ «ការទូតប្រជាជន» ដ៏គួរឱ្យចាប់អារម្មណ៍បំផុតតាមដងវិថីនៃរាជធានីភ្នំពេញ មុនពេលចាកចេញពីប្រទេសកម្ពុជា។

ផ្ទុយពីទម្លាប់នៃពិធីការផ្លូវការដ៏តឹងរ៉ឹង លោក Macron និងភរិយា គឺលោកស្រី Brigitte Macron បានចំណាយពេលដើរកម្សាន្តដោយថ្មើរជើងតាមវិថីសាធារណៈ និងតំបន់មាត់ទន្លេភ្នំពេញដោយសេរី និងទឹកមុខរីករាយ។ មេដឹកនាំកំពូលបារាំងរូបនេះបានរាក់ទាក់ ចាប់ដៃ និងថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋខ្មែរយ៉ាងស្និទ្ធស្នាល រហូតដល់មានជំនួបសំណេះសំណាលជាមួយតារាចម្រៀងរ៉េបខ្មែរ វណ្ណដា ផងដែរ។ កាយវិការពោរពេញដោយក្ដីស្រឡាញ់ និងការរាប់អានទាំងក្នុង និងក្រៅកម្មវិធីផ្លូវការនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជ្រាលជ្រៅ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីមហាជនខ្មែរ។

រូបភាព៖ ក្រុមការងារ AKPរូបភាព៖ ក្រុមការងារ AKP
អ្វីដែលរឹតតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Macron បានបង្ហោះវីដេអូខ្លី ភ្ជាប់ជាមួយសំណេរអក្សរខ្មែរថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ!»។ វីដេអូនោះបានរួមបញ្ចូលបទចម្រៀងខ្មែរល្បីល្បាញ «Time To Rise» ដែលជាការសហការរវាងសិល្បករយុវវ័យ វណ្ណដា និងសំឡេងចាប៉ីដងវែងរបស់ព្រឹទ្ធាចារ្យ គង់ ណៃ អមដោយឈុតឆាកជួបថ្នាក់ដឹកនាំកម្ពុជា សិល្បៈរបាំ តំបន់អង្គរ និងស្នាមញញឹមរបស់ពលរដ្ឋម្ចាស់ផ្ទះ។

ត្រឹមរយៈពេល ១១ ម៉ោងប៉ុណ្ណោះ សារលាជាវីដេអូរបស់ប្រធានាធិបតីបារាំងបានរីកសាយភាយយ៉ាងរហ័ស ដោយរកបានចំនួនអ្នកទស្សនាជាង ៥,៧ លានដង មានអ្នកចុចចូលចិត្តប្រមាណ ៤០ ម៉ឺននាក់ និងការចែករំលែកបន្តប្រមាណ ១០ ម៉ឺនដង។
ទិដ្ឋភាពដ៏កម្រនៃដំណើរទស្សនកិច្ចលើកនេះ ត្រូវបានមើលឃើញថាជាសារផ្សព្វផ្សាយដ៏មានទម្ងន់បំផុតមួយសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ។ វត្តមានដើរកម្សាន្តដោយគ្មានក្ដីបារម្ភរបស់មេដឹកនាំមហាអំណាចលំដាប់ពិភពលោករូបនេះ គឺជាភស្តុតាងជាក់ស្ដែងដែលបញ្ជាក់ឱ្យសហគមន៍អន្តរជាតិឃើញពីស្ថិរភាព សុវត្ថិភាព ភាពរុងរឿងនៃវប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។


ដោយ៖ ក្រុមការងារព័ត៌មាន KDN News
រូបភាព៖ ក្រុមការងារ AKP
រូបភាព៖ ក្រុមការងារ AKP