National

• 3 days ago• Lim_Rothanaksambath

ការប្រែប្រួលអាកាសធាតុ កំពុងជំរុញឱ្យ «មេរោគស៊ាំថ្នាំ» រីករាលដាលកាន់តែលឿន និងគ្រោះថ្នាក់លើសកលលោក

ការប្រែប្រួលអាកាសធាតុ កំពុងជំរុញឱ្យ «មេរោគស៊ាំថ្នាំ» រីករាលដាលកាន់តែលឿន និងគ្រោះថ្នាក់លើសកលលោក

ភ្នំពេញ, ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី មិនត្រឹមតែបង្កជាគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងក្លាយជាកាតាលីករដ៏គ្រោះថ្នាក់ ក្នុងការជួយជំរុញឱ្យបាក់តេរី និងមេរោគបង្កជំងឺ វិវត្តខ្លួនទៅជា «មេរោគស៊ាំថ្នាំ» (Antimicrobial Resistance - AMR) កាន់តែលឿន និងងាយស្រួលជាងមុន ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញសុខភាពសាធារណៈ និងបរិស្ថានអន្តរជាតិ។

យោងតាមរបាយការណ៍ និងការសិក្សាដែលចេញផ្សាយដោយ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទស្សនាវដ្ដីវេជ្ជសាស្ត្រអន្តរជាតិ The Lancet: Planetary Health បានបង្ហាញថា សីតុណ្ហភាពកាន់តែក្តៅ បានជួយសម្រួលដល់បាក់តេរី Salmonella (ដែលជាភ្នាក់ងារបង្កជំងឺរាគរូសធ្ងន់ធ្ងរ និងការពុលឈាម) ឱ្យអភិវឌ្ឍហ្សែនស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក។ តាមការប៉ាន់ស្មាន ការប្រែប្រួលអាកាសធាតុមានភាគរយទទួលខុសត្រូវរហូតដល់ ១០% នៃការកើនឡើងហ្សែនស៊ាំថ្នាំនៅក្នុងបាក់តេរី Salmonella នេះ។

ក្រុមអ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពល និងបង្កើនល្បឿននៃការស៊ាំថ្នាំរបស់មេរោគ តាមរយៈយន្តការចម្បងៗចំនួន៣៖

1. ការបង្កើត និងការបំប្លែងមេរោគស៊ាំថ្នាំថ្មី៖ ការផ្លាស់ប្តូរគំរូបរិយាកាស ដូចជាតំបន់ដែលមានជំនន់ទឹកភ្លៀងកើនឡើង បង្កើតឱ្យមានការរីកលូតលាស់នៃផ្សិតបង្កជំងឺ។ កត្តានេះបង្ខំឱ្យកសិករប្រើប្រាស់ថ្នាំសម្លាប់ផ្សិតក្នុងកម្រិតកាន់តែច្រើន ដែលជាហេតុបង្កើនឱកាសឱ្យផ្សិតទាំងនោះបំប្លែងខ្លួនទៅជា «ផ្សិតស៊ាំថ្នាំ»។
2. សីតុណ្ហភាពក្តៅជួយសម្រួលការផ្ទេរហ្សែនស៊ាំថ្នាំ៖ កំដៅដែលកើនឡើងខ្ពស់ ធ្វើឱ្យបាក់តេរីដែលស៊ាំនឹងថ្នាំរួចហើយ អាចចែករំលែក និងផ្ទេរលក្ខណៈសម្បត្តិ/ហ្សែនស៊ាំថ្នាំ ទៅកាន់បាក់តេរីផ្សេងទៀតនៅជុំវិញវាបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
3. គ្រោះទឹកជំនន់ជាភ្នាក់ងារចម្លងមេរោគ៖ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ បានដើរតួនាទីជាប្រព័ន្ធដឹកជញ្ជូនមេរោគស៊ាំថ្នាំ ពីតំបន់ដាច់ស្រយាល (ដូចជារណ្ដៅលាមក ឬកន្លែងចាក់សំរាមនៅជនបទ) ឱ្យហូរចូលទៅកាន់តំបន់ប្រជុំជន និងលំនៅឋាន បង្កឱ្យមានការផ្ទុះជំងឺរាតត្បាតកាន់តែខ្លាំង។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ការឡើងកម្ដៅផែនដីមិនត្រឹមតែធ្វើឱ្យមេរោគស៊ាំថ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកដែនជម្រក និងតំបន់រស់នៅរបស់មេរោគកាចសាហាវផ្សេងៗទៀតឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ បាក់តេរី Vibrio vulnificus ឬត្រូវបានគេស្គាល់ថាជា «បាក់តេរីស៊ីសាច់មនុស្ស» ដែលរស់នៅក្នុងទឹកក្តៅ និងទឹកប្រៃ, ប៉ារ៉ាស៊ីត Plasmodium ជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់ ដែលមូសកើនឡើងតាមតំបន់ក្ដៅសើម និង ផ្សិត Candida auris ជាប្រភេទផ្សិតស៊ាំថ្នាំធ្ងន់ធ្ងរ ដែលកំពុងបង្កើតជាបញ្ហាប្រឈមធំក្នុងប្រព័ន្ធមន្ទីរពេទ្យទូទាំងពិភពលោក។

អ្នកជំនាញបានសង្កត់ធ្ងន់ថា វិបត្តិមេរោគស៊ាំថ្នាំ មិនមែនកើតឡើងត្រឹមតែដោយសារការដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិកច្រើនហួសហេតុ ឬការប្រើប្រាស់ថ្នាំខុសបច្ចេកទេសក្នុងវិស័យសុខាភិបាល កសិកម្ម និងការចាញ់សត្វប៉ុណ្ណោះទេ។ «ការបំពុលបរិស្ថាន» និងបម្រែបម្រួលអាកាសធាតុ គឺជាកត្តាជួយជំរុញដ៏ធំមួយទៀត ដែលមហាជនជុំវិញពិភពលោកត្រូវតែយកចិត្តទុកដាក់ខ្ពស់៕

ប្រភព៖ https://web.facebook.com/share/p/19erka86u5/

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network