National
• 2 days ago• Lim_Rothanaksambath
ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យ ផ.ស.ស កម្ពុជាធ្លាក់ចុះ ៩% នៅត្រឹមឆ្នាំ២០៥០ ប៉ុន្តែការវិនិយោគវិធានការបន្ស៊ាំ កាត់បន្ថយការខាតបង់ពាក់កណ្តាល

ភ្នំពេញ, ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ខណៈដែលបាតុភូតអាកាសធាតុ ក្តៅរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ ដូចជា El Niño កំពុងក្លាយជាប្រធានបទដែលសាធារណជនផ្តោតការចាប់អារម្មណ៍ ស្ថាប័នអន្តរជាតិបានដាស់តឿនឡើងវិញនូវលទ្ធផលនៃការសិក្សា និងអនុសាសន៍គោលនយោបាយស្តីពី «អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា» (CCDR) របស់ធនាគារពិភពលោក (World Bank) ដើម្បីជាធាតុចូលយុទ្ធសាស្ត្រក្នុងការត្រៀមលក្ខណៈឆ្លើយតប និងទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច-សង្គម នាពេលខាងមុខ។
យោងតាមរបាយការណ៍ CCDR របស់ធនាគារពិភពលោក បានបង្ហាញពីទិន្នន័យប្រវត្តិសាស្ត្រ និងការគំរាមកំហែងជាក់ស្តែងដែលកម្ពុជាកំពុងជួបប្រទះ ដូចជា៖
• គ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង៖ គ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងឆ្នាំ២០១៩ បានបង្កការខូចខាតដល់ផលស្រូវរបស់កសិករ ដោយគិតជាទឹកប្រាក់ខាតបង់ប្រមាណ ១០០ លានដុលឡារអាមេរិក។ ខណៈនៅខែកញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១៤ និងប៉ះពាល់ដល់ជីវភាពប្រជាជនប្រមាណ ៨៥ ម៉ឺនគ្រួសារ។
• កម្ដៅខ្លាំងប្រចាំឆ្នាំ៖ កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្ដៅខ្លាំង ដោយមានរហូតដល់ ៦៥ ថ្ងៃ ក្នុងមួយឆ្នាំ ដែលសីតុណ្ហភាពហក់ឡើងលើស ៣៥ អង្សាសេ។
• អត្រាបំភាយឧស្ម័ន៖ ទោះបីជាការបំភាយឧស្ម័នក្នុងមនុស្សម្នាក់ៗនៅកម្ពុជាមានកម្រិតទាប ប៉ុន្តែអត្រាកំណើននៃការបំភាយឧស្ម័ននេះមានល្បឿនលឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ផ្អែកលើគំរូទិន្នន័យសេដ្ឋកិច្ច ធនាគារពិភពលោកបានព្យាករណ៍ថា ប្រសិនបើគ្មានវិធានការឆ្លើយតបសមស្របទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស - GDP) របស់កម្ពុជា ធ្លាក់ចុះប្រហែល ៩% ត្រឹមឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយ «វិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ» (Climate Adaptation Measures) ស្របពេល និងចំទិសដៅ អាចជួយកាត់បន្ថយការខាតបង់សេដ្ឋកិច្ចនេះបាន ពាក់កណ្តាល នៃ ផ.ស.ស។ បន្ថែមពីនេះ ការចាប់យក «មាគ៌ាកំណើនបញ្ចេញកាបូនទាប» អាចបន្ថែមទំហំ ផ.ស.ស របស់កម្ពុជាឱ្យកើនឡើងបាន ១,៥% បន្ថែមទៀត ត្រឹមឆ្នាំ២០៥០។
ដើម្បីតម្រង់ទិសសេដ្ឋកិច្ច និងច្បាមយកឱកាសវិនិយោគថ្មីៗ ធនាគារពិភពលោកបានកំណត់នូវ សសរស្ដម្ភអាទិភាពចំនួន ៣ គឺ៖ (១) កាត់បន្ថយភាពងាយរងគ្រោះតាមរយៈការកសាងភាពធន់, (២) សម្របឡើងវិញនូវគន្លងបំភាយកាបូន, និង (៣) តម្រង់ទិសសេដ្ឋកិច្ចឡើងវិញដើម្បីក្រសោបយកឱកាសថ្មីៗ។
សសរស្ដម្ភទាំងនេះ ត្រូវបានអនុវត្តតាមរយៈ កញ្ចប់គោលនយោបាយអាទិភាពចំនួន ៧ ចំណុច៖
១. បង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងផែនការដែល គិតគូរពីហានីភ័យ៖
- ការបង្កើនភាពធន៍របស់សម្បត្តិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នឹងការដឹកជញ្ជូន
- យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់ការគ្រប់គ្រងទឹកជំនន់។
- បង្កើតមជ្ឈមណ្ឌលជាតិសង្គ្រោះបន្ទាន់មួយនិងពង្រីកប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន។
- បង្កើនការប្រើប្រាស់និងថែទាំហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹក។
- ដោះស្រាយភាពងាយរងគ្រោះនៃអគារសម្ភារបរិក្ខាសុខភិបាល និងអប់រំ។
២. បន្ថយភាពងាយរងគ្រោះដោយអនុវត្តកសិកម្ម, សុខាភិបាល និងកិច្ចគាំពារសង្គម បែបវៃឆ្លាត ធន់នឹងអាកាសធាតុ៖
- ធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព និងបង្កើនប្រសិទ្ធផលនៃការប្រើប្រាស់ទឹក។
- ការដាំដំណាំដែលធន់នឹងអាកាសធាតុ និងមានតម្លៃខ្ពស់។
- បង្កើនសមត្ថភាពរបស់កសិករសម្រាប់លៃលកជាមួយគ្រោះមហន្តរាយធម្មជាតិ។
- ការឆ្លើយតបបានប្រសើរជាងមុនទៅនឹងហានិភ័យផ្នែកសុខភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
- កម្មវិធីកិច្ចគាំពារសង្គមមានលក្ខណៈបន្សំជាអចិន្ត្រៃយ៍។
៣. បង្កើនល្បឿនកំណែទម្រង់ដើម្បីការពារព្រៃឈើ, ការពារតំបន់ដីសើម, និងដំណោះស្រាយ តាមបែបធម្មជាតិ៖
- ពង្រីកការគ្រប់គ្រងតំបន់ការពារ និងលុបបំបាត់ការកាប់ឈើខុសច្បាប់។
- អវុត្តក្រមបរិស្ថាន និងធនធានធម្មជាតិ។
- ពង្រីកទីផ្លាបៃតងសាធារណៈនៅតាមទីប្រជុំជន ។
៤. អន្តរកាលទៅរកថាមពលស្អាត, ការរៀបចំក្រុងតាមបែបប្រមូលផ្តុំ, និងការវិនិយោគលើប្រសិទ្ធ ភាពថាមពល៖
- កំណត់គោលដៅថាមពលកកើតឡើងវិញថែមទៀត និងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងជាវថាមពល។
- ការអភវិឌ្ឍក្រុងតាមបែបប្រមូលផ្តុំថែមទៀត។
- ពង្រីកបណ្តាញបញ្ជូន និងបែងចែកថាមពល។
- អនុវត្តផែនការប្រសិទ្ធភាពថាមពលជាតិនិងផែនការសកម្មភាពជាតិស្តីពីប្រព័ន្ធត្រជាក់។
៥. កែសម្រួលគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ, កែលម្អបរិយាកាសអំណោយផល និងបង្កើនជំនាញរបស់កម្លាំងពលកម្ម៖
- បន្ទាបពន្ធគយលើការនាំចេញទំនិញបរិស្ថាន នឹងថាមពលស្អាត។
- បន្ទាបថ្លៃសេវា និងសម្រួលឱ្យចុះសម្រុងគ្នានូវបទប្បញ្ញត្តិសម្រាប់ការតម្លើងបន្ទះសូឡាលើដំបូលអគារ។
- បង្កើតប្រព័ន្ធហិរញ្ញប្បទានតាមរយៈពន្ធបៃតងមួយ និងរៀបចំកម្មវិធីកសាងសមត្ថភាពបៃតង។
- ផ្តោតការយកចិត្តទុកដាក់លើជំនាញសម្រាប់សេដ្ឋកិច្ចដែលបញ្ចេញកាបូនទាប។
៦. ការសម្របសម្រួលស្ថាប័ន និងប្រការលើកទឹកចិត្ត៖
- ការវាយតម្លៃជារូបវន្តលើហានិភ័យអាកាសធាតុនៅក្នុងគម្រោងវិនិយោគសាធារណៈ។
- ធ្វើសមាហរណកម្មគោលដៅអាកាសធាតុនៅតាមក្រសួងនីមួយៗ។
- ការចំណាយលើអាកាសធាតុដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តថវិកា។
- ការកត់ត្រា និងតាមដានហានិភ័យ និងភាពប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ។
៧. ការធ្វើហិរញ្ញប្បទានសម្រាប់អន្តរកាល៖
- បង្កើតប្រព័ន្ធហិរញ្ញប្បទានតាមរយៈពន្ធបៃតងមួយ នឹងរៀបចំកម្មវិធីកសាងសមត្ថភាពបៃតង។
- សេវាធានារ៉ាប់រងគ្រោះមហន្តរាយដែលអាចកំណត់បរិមាណបាន, មានការទទួលស្គាល់ និងមានតម្លាភាព
- កំណែទម្រង់ពន្ធបរិស្ថាន។
- ពង្រីកការធានារ៉ាប់រងខ្នាតមីក្រូ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ករណីយថាហេតុ៕
ប្រភព៖ https://web.facebook.com/share/p/1BgKZwhjoi/
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
- ការវាយតម្លៃជារូបវន្តលើហានិភ័យអាកាសធាតុនៅក្នុងគម្រោងវិនិយោគសាធារណៈ។
- ធ្វើសមាហរណកម្មគោលដៅអាកាសធាតុនៅតាមក្រសួងនីមួយៗ។
- ការចំណាយលើអាកាសធាតុដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តថវិកា។
- ការកត់ត្រា និងតាមដានហានិភ័យ និងភាពប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ។
៧. ការធ្វើហិរញ្ញប្បទានសម្រាប់អន្តរកាល៖
- បង្កើតប្រព័ន្ធហិរញ្ញប្បទានតាមរយៈពន្ធបៃតងមួយ នឹងរៀបចំកម្មវិធីកសាងសមត្ថភាពបៃតង។
- សេវាធានារ៉ាប់រងគ្រោះមហន្តរាយដែលអាចកំណត់បរិមាណបាន, មានការទទួលស្គាល់ និងមានតម្លាភាព
- កំណែទម្រង់ពន្ធបរិស្ថាន។
- ពង្រីកការធានារ៉ាប់រងខ្នាតមីក្រូ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ករណីយថាហេតុ៕
ប្រភព៖ https://web.facebook.com/share/p/1BgKZwhjoi/
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

