The Khmer Daily Network Logo

International

4 June 2026 6:45 AM3 hours agoLim_Rothanaksambath

ឥណ្ឌាត្រៀមបញ្ជាទិញដ្រូនតម្លៃ ២ពាន់លានដុល្លារ ក្នុងការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មាន នេះបើតាមសមាគមឧស្សាហកម្មរបស់ឥណ្ឌា

ឥណ្ឌាត្រៀមបញ្ជាទិញដ្រូនតម្លៃ ២ពាន់លានដុល្លារ ក្នុងការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មាន នេះបើតាមសមាគមឧស្សាហកម្មរបស់ឥណ្ឌា
ឥណ្ឌាត្រៀមបញ្ជាទិញដ្រូនតម្លៃ ២ពាន់លានដុល្លារ
ទីក្រុងញូវដេលី (Reuters) — ប្រទេសឥណ្ឌាទំនងជានឹងបញ្ជាទិញដ្រូនយោធាដែលមានតម្លៃជាង ២ពាន់លានដុល្លារពីក្រុមហ៊ុនក្នុងស្រុកក្នុងឆ្នាំនេះ ដែលជាការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មាន។ នេះបើតាមការបញ្ជាក់របស់សមាគមឧស្សាហកម្មដែលធ្វើការងារជិតស្និទ្ធជាមួយរដ្ឋាភិបាលបានប្រាប់ Reuters ខណៈដែលជម្លោះក្នុងតំបន់ និងសកលលោកកំពុងជំរុញឱ្យតម្រូវការកើនឡើង ពិសេសសង្រ្គាមទ្រូន។

លោក Smit Shah ប្រធានសហព័ន្ធដ្រូនឥណ្ឌា (Drone Federation of India - DFI) ដែលតំណាងឱ្យក្រុមហ៊ុនជាង ៥៥០ បានមានប្រសាសន៍ថា ផែនការនេះស្ថិតក្នុងដំណាក់កាលជឿនលឿន ដោយការដឹកជញ្ជូនរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពី ១៨ ទៅ ២៤ ខែ។

តម្លៃនៃការបញ្ជាទិញនេះ គឺជាការលោតផ្លោះដ៏ធំមួយ បើធៀបនឹងការបញ្ជាទិញដ្រូនយុទ្ធសាស្ត្រនាពេលថ្មីៗនេះដែលមានតម្លៃត្រឹមតែ ៣០ពាន់លានរូពី (ប្រហែល ៣១៣លានដុល្លារ)។លោក Shah បានបន្ថែមថា៖ «នៅក្នុងដំណាក់កាលបន្ទាប់ លទ្ធកម្មដ្រូនយុទ្ធសាស្ត្រនៅក្នុងប្រទេសឥណ្ឌា អាចនឹងលើសពី ២០០ពាន់លានរូពី ឬច្រើនជាង ២ពាន់លានដុល្លារ»។ លោកបានបញ្ជាក់ទៀតថា ការបញ្ជាទិញថ្មីនេះអាចនឹងធ្វើឡើងតាមរយៈ "នីតិវិធីលទ្ធកម្មរហ័ស" (Fast-track procurement) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការបន្ទាន់។

ក្រសួងការពារជាតិឥណ្ឌា មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញព័ត៌មាននៃការបញ្ជាទិញនេះ ដែល Reuters ជាអ្នកចុះផ្សាយមុនគេនោះទេ។

ការជំរុញរបស់ឥណ្ឌានេះ កើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយគូសត្រូវចាស់ គឺប្រទេសប៉ាគីស្ថាន កាលពីខែឧសភាឆ្នាំមុន ដែលភាគីទាំងពីរបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក (UAV) ក្នុងទ្រង់ទ្រាយធំជាលើកដំបូង ដែលបង្ហាញឱ្យឃើញពីសក្ដានុពលនៃការវាយលុករបស់ដ្រូនតម្លៃទាប។
ជម្លោះនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ក៏បានជួយពន្លឿនការទទួលយកបច្ចេកវិទ្យានេះនៅទូទាំងពិភពលោក ដែលធ្វើឱ្យតម្លៃដ្រូនធ្លាក់ចុះ និងផ្លាស់ប្តូរយុទ្ធសាស្ត្រនៅលើសមរភូមិ។

កាលពីខែមីនា ក្រសួងការពារជាតិឥណ្ឌាបានអនុម័តសំណើដែលមានតម្លៃប្រហែល ២,៣៨ ទ្រីលីនរូពី (២៤,៨៥ ពាន់លានដុល្លារ) ដើម្បីទិញយន្តហោះដឹកជញ្ជូន ប្រព័ន្ធមីស៊ីល និង "យន្តហោះវាយប្រហារបញ្ជាពីចម្ងាយ" ឬដ្រូនប្រដាប់អាវុធ ប៉ុន្តែមិនបានបញ្ជាក់ពីការបែងចែកកញ្ចប់ថវិកាលម្អិតនោះទេ។លោក Ramesh Chandra Padhi នាយកប្រតិបត្តិនៃក្រុមហ៊ុន IG Defence និងជាអតីតមន្ត្រីជាន់ខ្ពស់កងទ័ព បានលើកឡើងថា៖ «ដ្រូនគឺជាកម្លាំងគុណវុឌ្ឍិនៅលើសមរភូមិទំនើប។ កងទ័ពឥណ្ឌាកំពុងអនុវត្តការបញ្ជាទិញតាមតម្រូវការបន្ទាន់ ដើម្បីពន្លឿនការដាក់បញ្ចូលដ្រូនក្នុងទ្រង់ទ្រាយធំមហិមា»។

បច្ចុប្បន្ន ឥណ្ឌាមានក្រុមហ៊ុនជាង ៦០០ ដែលផលិតដ្រូន និងគ្រឿងបន្លាស់ ដោយក្នុងនោះមានក្រុមហ៊ុនជាង ១០០ ផ្តោតលើកម្មវិធីការពារជាតិ។ ក្រុមហ៊ុនទាំងនោះមានចាប់ពីក្រុមហ៊ុនយក្សដូចជា Adani Group, Larsen & Toubro និង Tata Advanced Systems រហូតដល់ក្រុមហ៊ុនទើបបង្កើតថ្មី (Startups) ដូចជា ideaForge, Newspace Research និង Asteria Aerospace ជាដើម។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានកែទម្រង់នីតិវិធីលទ្ធកម្មការពារជាតិដែលធ្លាប់តែយឺតយ៉ាវ ដើម្បីអនុញ្ញាតឱ្យមានការទិញដ្រូនបានលឿនជាងមុន ជាពិសេសបន្ទាប់ពីការប៉ះទង្គិចជាមួយប៉ាគីស្ថានបានបង្ហាញពីចន្លោះប្រហោងនៃសមត្ថភាពឃ្លាំមើល និងការវាយប្រហារ។

រដ្ឋាភិបាលទីក្រុងញូវដេលី បានចាប់ផ្តើមពឹងផ្អែកលើអំណាចបញ្ជាទិញក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងឱ្យបានរហ័សក្រោម "នីតិវិធីលទ្ធកម្មការពារជាតិ" (Defence Acquisition Procedure) ដោយបង្រួមរយៈពេលពីឆ្នាំ មកត្រឹមរយៈពេលប៉ុន្មានខែវិញ។ ទន្ទឹមនឹងនោះ ឥណ្ឌាក៏កំពុងផ្ដល់អាទិភាពដល់ប្រព័ន្ធដែលផលិតនៅក្នុងស្រុក ដើម្បីជំរុញផលិតកម្មក្នុងប្រទេស។លោក Shah បានបន្ថែមថា ការផ្លាស់ប្តូរទាំងនេះកំពុងកែប្រែរូបរាងឧស្សាហកម្មដ្រូនរបស់ឥណ្ឌា ដែលកាលពីមុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនតូចៗ ឱ្យទៅជាឧស្សាហកម្មដែលមានការគាំទ្រផ្នែកគោលនយោបាយ និងភាពជាដៃគូជាមួយក្រុមហ៊ុនការពារជាតិធំៗកាន់តែរឹងមាំ។