The Khmer Daily Network Logo

International

15 June 2026 4:14 AM5 hours agoLim_Rothanaksambath

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្ស ជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្ស ជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ
ភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រារព្ធទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ថ្លែងក្នុងទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជារៀងរាល់ឆ្នាំ បាន និងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ឆ្ពោះទៅបង្កើតសង្គមមួយដែលមាន សន្តិភាព សាមគ្គីធម៌ និងយុត្តិធម៌។


សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ ហើយការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចះត្រចង់ និងមានតម្លៃឥតគណនាចំពោះអត្ថិភាពនៃសង្គមស៊ីវិល័យនៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ |  ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ | ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលបានកំណត់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជា ១លាន ៥សែននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។


កិច្ចការងារនេះ គឺជាកម្មវិធីទី២នៃគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ។


បន្ថែមពីលើនោះ រាជរដ្ឋាភិបាល បាន និងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយនៅកម្ពុជាដែលនឹងបង្កើតការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដោយបំពាក់ជំនាញពិតប្រាកដ កសាងសីលធម៌ និងវិជ្ជាជីវៈ ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្ដុះបណ្ដាលដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ "ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត" ឬមិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ។ ក្នុងន័យនេះ ក្រសួងការងារ និងក្រសួងអប់រំ បានសហការគ្នារៀបចំនូវគន្លងអប់រំថ្មីមួយដែលហៅថា "គន្លងវិជ្ជាជីវៈ"៕

រាយការណ៏ដោយ៖ The Khmer Daily Network
End image 1