The Khmer Daily Network Logo

National

15 June 2026 10:10 AM4 hours agoLim_Rothanaksambath

រូបកាយអ្នកចម្រៀងឈាមជាកងទ័ព! ទិត្យ វិច្ឆិកា ប្រកាសច្រៀងមិនយកប្រាក់ តែប្តូរយកសម្ភារៈឱ្យកងទ័ពជួរមុខ

រូបកាយអ្នកចម្រៀងឈាមជាកងទ័ព! ទិត្យ វិច្ឆិកា ប្រកាសច្រៀងមិនយកប្រាក់ តែប្តូរយកសម្ភារៈឱ្យកងទ័ពជួរមុខ
តារាចម្រៀងដ៏មានទឹកដម ដែលគ្រប់គ្នាស្គាល់ក្នុងតួនាទីជាកងទ័ព និងជាគ្រូបង្វឹកកងទ័ពពិសេស លោក ទិត្យ វិច្ឆិកា ថ្មីៗនេះបានបង្ហោះសារមួយយ៉ាងខ្លី តែអត្ថន័យក្តុកក្តួល បង្ហាញពីទំហំទឹកចិត្តយ៉ាងធំធេងចំពោះវីរកងទ័ពជួរមុខ កំពុងឈរជើងយ៉ាងម៉ឺងម៉ាត់ការពារដែនបូរណភាពទឹកដីជាតិតាមបន្ទាត់ព្រំដែន។


ម្ចាស់បទ «អង្វរ» ដ៏ល្បីល្បាញ ទិត្យ វិច្ឆិកា បានប្រកាសចំៗថា លោកមិនយកប្រាក់កម្រៃពីការច្រៀងនោះឡើយ តែសុំប្តូរប្រាក់កម្រៃនោះទៅជាគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់សម្រាប់វីរកងទ័ពជួរមុខជំនួសវិញ ដោយសុំត្រឹមតែ ប្រេងឆា ១កេះ, ខ្ទឹមស ១បាវ, សូឡាអាគុយ ចំនួន១ តែប៉ុណ្ណោះ។


បុរសដែលមានរូបកាយអ្នកចម្រៀងឈាមជាកងទ័ពរូបនេះ បញ្ជាក់ថា លោកត្រូវការសូឡាអាគុយចំនួន ២០គ្រាប់ បានន័យថា លោកត្រូវច្រៀងជូនពុកម៉ែបងប្អូនចំនួន ២០កម្មវិធី។ ដូច្នេះ ប្រសិនបើពុកម៉ែត្រូវការរំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់តារាចម្រៀង ទិត្យ វិច្ឆិកា អាចទំនាក់ទំនងទៅកាន់លោកបាន ព្រោះអ្វីដែលតារាចម្រៀងរូបនេះធ្វើ គឺជាការលះបង់តបស្នងចំពោះវីរកងទ័ពជួរមុខទាំងស្រុងតែម្តង។

រូបភាព៖​ ហ្វេសប៊ុកផ្លូវការ TIT Vicheka - ទិត្យ វិច្ឆិការូបភាព៖​ ហ្វេសប៊ុកផ្លូវការ TIT Vicheka - ទិត្យ វិច្ឆិកា

ការប្រកាសធ្វើបែបនេះរបស់ ទិត្យ វិច្ឆិកា បង្កើតការវែកញែកផ្សេងៗលើបណ្តាញសង្គម ក្នុងនោះមានទាំងវិជ្ជមាន និងអវិជ្ជមានខ្លះៗផងដែរ។ យ៉ាងណាមិញ មហាជននៅតែបង្ហាញការលើកទឹកចិត្តចំពោះសកម្មភាពរបស់លោក ដែលជះផលវិជ្ជមានយ៉ាងច្រើនដល់វីរកងទ័ពជួរមុខ។


សូមជម្រាបឱ្យដឹងថា តារាចម្រៀង ទិត្យ វិច្ឆិកា បានរយាលដៃពីការងារសិល្បៈរយៈពេលច្រើនឆ្នាំគួរសម ដោយងាកទៅបំពេញតួនាទីក្នុងជួរកងទ័ព និងជាគ្រូបង្វឹកកងទ័ពពិសេស។ ម្ចាស់បទ «កុំត្រាប់តាមកាកី» បានវិលត្រឡប់មករកវិស័យសិល្បៈចម្រៀងវិញបែបលិបលរៗកាលពីជាង ១ឆ្នាំមុន តែពុំសូវទទួលច្រៀងតាមកម្មវិធីផ្សេងឡើយ ដោយសារលោកបើកក្រុមតន្ត្រីផ្ទាល់ខ្លួនឈ្មោះថា វិច្ឆិកា តន្ត្រី។


បទចម្រៀងល្បីៗរបស់ ទិត្យ វិច្ឆិកា ដែលទស្សនិកជនភាគច្រើនស្គាល់រួមមាន៖ «ស្ទឹងថែស្នេហ៍ខ្ញុំ» «អង្វរ» «អូនឈឺប៉ុនណាបងឈឺដូចគ្នា» «ជិះទូកលេងនឹងបង» «កុំត្រាប់តាមកាកី» «សុរិយាអស្តង្គត» «យល់កន្សែង» និងបទផ្សេងៗជាច្រើនទៀត៕
End image 1