The Khmer Daily Network Logo

National

17 June 2026 3:26 AM5 hours agoLim_Rothanaksambath

ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ! កម្ពុជា-សិង្ហបុរី បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា

ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ! កម្ពុជា-សិង្ហបុរី បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពសម្រាប់សិក្ខាកាមក្នុងវិស័យសំណង់ (CITA-SGA TTC) ដែលជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ។


MoU នេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពសិក្ខាកាមក្នុងវិស័យសំណង់ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលនៅកម្ពុជា។ សារៈសំខាន់នៃ MoU នេះគឺផ្តល់នូវវគ្គបណ្ដុះបណ្ដាលចម្រុះ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្ម និងតម្រូវការកម្លាំងពលកម្មដែលកំពុងវិវត្ត ជាពិសេសលើជំនាញការងារដែកពង្រឹងបេតុង (Rebar) និងការងារទម្រង់បេតុង (Formwork) ព្រមទាំងត្រៀមពង្រីកទៅកាន់មុខជំនាញផ្សេងៗទៀតនាពេលអនាគត។


តាមរយៈភាពជាដៃគូជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះនៅសិង្ហបុរី និងទទួលស្គាល់ជាអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងនាំមកនូវការបណ្ដុះបណ្ដាលដែលមានគុណភាពខ្ពស់ទៅកាន់បណ្ដាញមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជាសកល ដើម្បីផ្តល់ជូនកម្មករ និងសិក្ខាកាមនូវចំណេះដឹងជាក់ស្ដែង និងសមត្ថភាពដែលត្រូវការសម្រាប់បរិយាកាសការងារពិតប្រាកដ។


ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា សិង្ហបុរី ជាគោលដៅដ៏មានសក្ដានុពលសម្រាប់ពលករជំនាញ ហើយភាពជាដៃគូនេះនឹងផ្តល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹង និងបំពេញតាមស្ដង់ដារខ្ពស់របស់សិង្ហបុរី ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការ ការបញ្ជាក់សមត្ថភាពជំនាញ និងសុខុមាលភាព។ លើសពីនេះ ភាពជាដៃគូនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការវិនិយោគលើប្រជាពលរដ្ឋ ជំនាញ និងឱកាសនាពេលអនាគត ដែលឆ្លុះបញ្ចាំងពីជំនឿថា ការអប់រំនិងការបណ្ដុះបណ្ដាល គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការផ្លាស់ប្តូរជីវិតកាន់តែប្រសើរ ការលើកកម្ពស់ជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។


ជាមួយនឹងបទពិសោធជាច្រើនទសវត្សរ៍របស់ SG Aston LLP និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា បងប្អូនកម្មករសំណង់កម្ពុជាក្រុមដំបូងនឹងអាចបំពេញបានដោយជោគជ័យនូវលក្ខខណ្ឌ និងសមត្ថភាពដែលតម្រូវដោយប្រទេសសិង្ហបុរី ហើយនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ជំនាន់ពលករបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រភាគីទាំងពីរឱ្យទទួលបានជោគជ័យ ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា ការចុះ MoU ជាលើកដំបូងនេះមិនត្រឹមតែគាំទ្រឱកាសការងារក្នុងវិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតនៃទីផ្សារការងារសិង្ហបុរីនាពេលអនាគតផងដែរ។


ជាការឆ្លើយតប ឯកឧត្តម ស្ទីវិន ផាំង ជីវី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះមិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កម្មករទាំងឡាយ ដែលសុវត្ថិភាពនិងជីវភាពរស់នៅរបស់ពួកគាត់នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងតាមរយៈភាពជាដៃគូនេះ។


ជាមួយនឹងការចាត់ទុកវិស័យសំណង់ ជាគ្រឹះស្នូលនៃការអភិវឌ្ឍ ឯកឧត្តមក៏បានលើកឡើងពីការកសាងទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ដែលផ្អែកលើការគោរពគ្នា និងប្ដេជ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជាតិទាំងពីរ ហើយការចុះហត្ថលេខានាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃការប្ដេជ្ញាចិត្តនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏ទន្ទឹងរង់ចាំមើលការបង្កើត និងការរីកចម្រើននៃមជ្ឈមណ្ឌលនេះ ព្រមទាំងស្វាគមន៍ក្រុមដំបូង និងក្រុមជាបន្តបន្ទាប់ជាច្រើនទៀតនៃបងប្អូនកម្មករសំណង់ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការបណ្ដុះបណ្ដាលដែលមជ្ឈមណ្ឌលនេះផ្តល់ជូន៕

រាយការណ៍ដោយ The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ