The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

ក្រសួងទេសចរណ៍ បន្តពង្រីកសក្តានុពលតំបន់បេតិកភណ្ឌ និងវប្បធម៌ ក្នុងរដូវកាលបៃតង នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ បន្តពង្រីកសក្តានុពលតំបន់បេតិកភណ្ឌ និងវប្បធម៌ ក្នុងរដូវកាលបៃតង នៅខេត្តសៀមរាប
ភ្នំពេញ, ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦៖ កម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្រោមប្រធានបទ៖ សក្តានុពលទេសចរណ៍ តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង ដែលកម្មវិធីជជែកលើវិថីទេសចរណ៍ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសសែនមនោរម្យ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រុមហ៊ុន R.V Clip Media, ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ នៅទឹកដីអង្គរសៀមរាបដ៏ពិសិដ្ឋ។


ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កម្មវិធីដ៏មានសារៈសំខាន់នេះ បានរៀបចំជាច្រើនដងរួចមកហើយ នៅទីតាំងផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជន និងភ្ញៀវទេសចរអន្តរជាតិ។ កម្មវិធីនេះត្រូវបានសម្រិតសម្រាំងរៀបចំឡើងនៅក្នុងរដូវកាលបៃតង ឆ្នាំ២០២៦ ដោយចាប់ផ្តើមពីខេត្តសៀមរាប រួចបន្តដំណើរឆ្ពោះទៅខេត្តគោលដៅបន្តបន្ទាប់ ដែលជាខេត្ត Cluster នៅតំបន់ឆ្នេរ, តំបន់ភូមិភាគឦសាន ហើយគ្រោងបិទបញ្ចប់នៅរាជធានីភ្នំពេញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី ខេត្តនីមួយៗ។

កម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្រោមប្រធានបទ៖ សក្តានុពលទេសចរណ៍ តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង | ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ | ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍កម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្រោមប្រធានបទ៖ សក្តានុពលទេសចរណ៍ តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង | ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ | ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍

ទៀតសោត កម្មវិធីនេះបានក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគាំទ្រដាក់ចេញ ដើម្បីជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច” (ឬ Low Season) ចាប់ពីខែឧសភា ដល់ ខែតុលា, និងបានឯកភាពផ្តល់សន្ទុះថ្មី ដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតងសម្រាប់ឆ្នាំ២០២៦នេះ ដែលទើបនឹងត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅនេះ។ ខណៈដែលការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។


រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រងពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធន៍ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។


សូមជម្រាបឱ្យដឹងផងដែរថា កម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» គឺជាកម្មវិធីកម្សាន្តមួយដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យទេសចរណ៍មានជាអាទិ៍ ការចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុសស្មារតីស្នេហាជាតិ ស្រឡាញ់មាតុភូមិ ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី», «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី», ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្ដល់នូវភាពកក់ក្ដៅ, បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក៕

រាយការណ៍ដោយ The Khmer Daily Network
End image 1
End image 2