The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ ផតថលសម្រាប់អ្នកអភិវឌ្ឍសូហ្វវែរ ដំណាក់កាលទី១ ចាប់ពីពេលនេះតទៅ!

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ ផតថលសម្រាប់អ្នកអភិវឌ្ឍសូហ្វវែរ ដំណាក់កាលទី១ ចាប់ពីពេលនេះតទៅ!
ភ្នំពេញ, ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦៖ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងអន្តរប្រតិបត្តិការនៃការអភិវឌ្ឍសូហ្វវែរ ព្រមទាំងឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្ត្រទី៣០ នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានសម្រេចដាក់ចេញនូវ «ផតថលសម្រាប់អ្នកអភិវឌ្ឍសូហ្វវែរ ដំណាក់កាលទី១ (Developer Portal – Phase I)» សម្រាប់អនុវត្តក្នុងក្របខណ្ឌ ក.ប.ទ. ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។


ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ផតថលនេះនឹងដើរតួជាច្រករួមតែមួយ (one single service) ដែលនឹងផ្តល់នូវគោលការណ៍ណែនាំរួមនៃការអភិវឌ្ឍសូហ្វវែររបស់អ្នកអភិវឌ្ឍសូហ្វវែរទូទៅ ទាំងក្នុងរដ្ឋាភិបាល និងវិស័យឯកជន។


ទៀតសោត ផតថលនេះត្រូវបានអភិវឌ្ឍឡើងដោយអ្នកជំនាញរបស់ ក.ប.ទ. និងបានពិភាក្សាផ្ទៃក្នុងជាមួយអង្គភាពពាក់ព័ន្ធ ដោយចែកចេញជា ៣ ផ្នែកធំៗ រួមមាន៖ ១. មគ្គុទ្ទេសក៍ក្នុងការអភិវឌ្ឍសូហ្វវែរ (វដ្តនៃការអភិវឌ្ឍសូហ្វវែរ គោលការណ៍នៃការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ អន្តរប្រតិបត្តិការ និងសន្តិសុខសាយប័រជាដើម), ២. លំនាំបែបបទសរសេរកូដ និង ៣. ការតាំងបង្ហាញផលិតផលរដ្ឋាភិបាលឌីជីថល។


ជាមួយគ្នានោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវឱ្យសាធារណជន ចូលរួមគាំទ្រ សិក្សាស្វែងយល់ និងអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីពង្រឹងប្រព័ន្ធរបស់ក្រសួងឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងមានកម្រិតអន្តរប្រតិបត្តិការល្អ ក្នុងគោលដៅកសាងរដ្ឋាភិបាលឌីជីថល ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។


ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត QR Code ដើម្បីស្កេន ឬលោកអ្នកអាចចូលតាមរយៈតំណភ្ជាប់ https://dev.gov.kh/ ដើម្បីចូលទៅកាន់ផតថល៕

រាយការណ៍ដោយ The Khmer Daily Network