The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

គោលដៅរៃអង្គាស ២៥ ម៉ឺនដុល្លារមិនទាន់សម្រេច! ទីវ តារារិទ្ធ ដាក់ផែនការថ្មី មុនចងក្រងសៀវភៅ និងផលិតភាពយន្តខ្លី

គោលដៅរៃអង្គាស ២៥ ម៉ឺនដុល្លារមិនទាន់សម្រេច! ទីវ តារារិទ្ធ ដាក់ផែនការថ្មី មុនចងក្រងសៀវភៅ និងផលិតភាពយន្តខ្លី
ភ្នំពេញ, ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦៖ លោក ទីវ តារារិទ្ធ ដែលគ្រប់គ្នាស្គាល់ថា កំពូលអ្នកជិះកង់ផ្សងព្រេងដ៏កម្ររបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយកុមារកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជា បន្ទាប់ពីលោកចំណាយពេល ២ឆ្នាំ បំពេញបេសកកម្មជិះកង់ឆ្លងទ្វីប ដើម្បីកុមារកម្ពុជា។


ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិតេជា លោក ទីវ តារារិទ្ធ បានឱ្យដឹងថា លោកបានចាប់ផ្ដើមបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានធ្វើដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកខាងត្បូង សរុប ៤០ ប្រទេស លើចម្ងាយផ្លូវ ៥ម៉ឺន ៧ពាន់គីឡូម៉ែត្រ ក្នុងរយៈពេល ២ឆ្នាំគត់។


ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក លោក ទីវ តារារិទ្ធ ថា លោកពិតជាសប្បាយចិត្តពេលមកដល់កម្ពុជាវិញ ហើយលោកពិតជាពិបាកពិពណ៌នាថា តើត្រូវនិយាយបែបណា ប៉ុន្តែអ្វីដែលអាចនិយាយបាន គឺលោកពិតជានឹកផ្ទះខ្លាំងណាស់។


អ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជារូបនេះបន្តថា លោកបានជួបរឿងមិនគួរឱ្យជឿច្រើនណាស់ ក្នុងដំណើរផ្សងព្រេងលើចម្ងាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រនេះ និងបានជួបមនុស្សជាច្រើនពេលធ្វើដំណើរឆ្លងកាត់ប្រទេសនីមួយៗ។ រៀបរាប់ដោយក្តីនឹករឭក ទីវ តារារិទ្ធ ថា លោកចាប់ផ្តើមនឹកផ្លូវទាំងនោះបន្តិចម្តងៗហើយ ហើយប្រហែលជានឹងលែងជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះទៀត ព្រោះដំណើរផ្សងព្រេងមានឧបសគ្គច្រើន ដែលលោកបានជួបប្រទះ ហើយលោកតែងតែជម្នះវា។

រូបភាព៖ ទំព័រហ្វេសប៊ុក Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិរូបភាព៖ ទំព័រហ្វេសប៊ុក Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ

លោករំឭកឡើងថា «ពេលចេញដំណើរថ្ងៃដំបូងពីកម្ពុជា ក្នុងគោលដៅជិះកង់ដើម្បីកុមារកម្ពុជា អ្វីដែលខ្ញុំបានសន្យាចំពោះអ្នកទាំងអស់គ្នា មន្ទីរពេទ្យ និងអ្នកគាំទ្រថា បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំសន្យាថានឹងធ្វើដំណើរឱ្យដល់គោលដៅ ហើយធ្វើវាឱ្យបាន។ ពេលនេះខ្ញុំធ្វើវាបានជោគជ័យហើយ... ខ្ញុំបាននាំរឿងរ៉ាវជាច្រើនពីកម្ពុជា ទៅប្រាប់ប្រជាជនដែលបានជួបខ្ញុំ។ ពួកគាត់បានសួរខ្ញុំថា ខ្ញុំមកពីប្រទេសណា? ខ្ញុំមានមោទនភាពណាស់ក្នុងការប្រាប់ពួកគាត់ថា ខ្ញុំមកពីប្រទេសកម្ពុជាដ៏អស្ចារ្យ ដែលមានប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ ដោយនេះជាឱកាសដែលខ្ញុំបានប្រាប់ដល់ពួកគាត់»។


រៀបរាប់ដល់បទពិសោធន៍រយៈពេល ២ឆ្នាំបេសកកម្មជិះកង់ឆ្លងទ្វីបឆ្លងកាត់បណ្តាប្រទេសចំនួន ៤០ប្រទេសនេះ គឺហូរហៀរខ្លាំងមែនទែន ដែលលោកបានជួបប្រទះរឿងរ៉ាវជាច្រើន។ លោកចាំបានថា មានពេលមួយនោះ ដែលលោកបានធ្លាក់ខ្លួនឈឺ ប៊ិះស្លាប់ទៀត ដោយឧបសគ្គទាំងនោះធ្វើឱ្យលោកនឹកផ្ទះខ្លាំងមែនទែន ហើយអារម្មណ៍មួយនេះពិបាកពិពណ៌នា។


ថ្វីបើគោលដៅនៃបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជាបានបញ្ចប់ទៅហើយ តែគោលដៅនៃការរៃអង្គាសថវិកាឱ្យបាន ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅមិនទាន់បានសម្រេចឡើយ ដោយពេលនេះថវិកាដែលទទួលពីការបរិច្ចាគបាន ២២ម៉ឺនដុល្លារ ប៉ុណ្ណោះ។ លោកសង្ឃឹមថា ពុកម៉ែបងប្អូនប្រជាជនកម្ពុជានឹងបន្តចូលរួមគាំទ្របរិច្ចាគឱ្យបាន ២៥ម៉ឺនដុល្លារ ក្នុងការបញ្ចប់បេសកកម្មនៃគោលដៅជួយដល់កុមារកម្ពុជា។ ក្នុងនោះផងដែរ កំពូលអ្នកជិះកង់ផ្សងព្រេងដ៏កម្ររបស់កម្ពុជា បានដាក់ផែនការចុងក្រោយ ដោយគ្រោងជិះកង់ពីភ្នំពេញទៅសៀមរាប រយៈពេល ៣ថ្ងៃ ដើម្បីបញ្ចប់កម្មវិធីនៅទីនោះតែម្តង។


ផែនការផ្ទាល់ខ្លួនរបស់ ទីវ តារារិទ្ធ ពេលត្រឡប់មកវិញ គឺលោកនឹងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន, រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប, បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ, ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់លោក ២ឆ្នាំជាមួយកង់ (TWO YEARS ON A BIKE), រៀបចំចងក្រងសៀវភៅ ២ឆ្នាំជាមួយកង់ TWO YEARS ON A BIKE, ការងារផ្សេងៗ ដើម្បីផ្តល់ការគោរពដល់សាធារណជនអ្នកគាំទ្រ និងក្រុមហ៊ុនមួយចំនួន ដែលបានសហការ និងគាំទ្របេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា៕
End image 1
End image 2
End image 3