The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញសមាជិកអាស៊ានទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍គ្រប់ទម្រង់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញសមាជិកអាស៊ានទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍គ្រប់ទម្រង់
ភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ទប់ស្កាត់និងបង្ក្រាបឱ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងភេរវកម្ម និងបទល្មើសផ្សេងៗទៀត ពិសេសការឆរបោកតាមអនឡាញ (Scam)។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមអនឡាញបានក្លាយជាហានិភ័យសម្រាប់ប្រទេសនៅក្នុងតំបន់ទាំងមូល។ ក្រៅពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ានក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដូចជា ចិន ជប៉ុន កូរ៉េ ក្នុងក្របខ័ណ្ឌ DGICM សំដៅដល់ការធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងការងារកុងស៊ុល។



ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ក៏ដូចជាបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសនានាផងដែរ។

ប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំ DGICM លើកទី២៩ នេះ មានប្រសាសន៍ថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ DGICM បានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានាកាន់តែមានប្រសិទ្ធភាពខ្ពស់។


សម្រាប់រយៈពេល ៣០ឆ្នាំនេះ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិតជាមានមោទនភាពណាស់ ដែលបានរួមដំណើរជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ដទៃទៀត ក្នុងការធ្វើឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង និងសហគមន៍អាស៊ានរបស់យើង ចាកផុតពីការគំរាមកំហែងនៃឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍នានា។


ឯកឧត្តមបន្តថា កិច្ចប្រជុំ DGICM លើកទី២៩ នាឆ្នាំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈដែលនៅសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួនបានស្នើឡើង។


ប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធសរុបចំនួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយ និងតាមកម្មវិធីដែលបានគ្រោងទុក រួមមាន៖ កិច្ចប្រជុំថ្នាក់ប្រធានប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗនៃអាស៊ាន លើកទី៩ (9th AMICF), កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU), កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ានលើកទី២១ (21st AIIF), កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM), កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលីលើកទី២១ (21st DGICM + Australia), កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិកនិងភាគីពិគ្រោះយោបល់៕

រាយការណ៍ដោយ The Khmer Daily Network