National
15 May 2026 8:06 AM• 3 weeks ago• KDN News Team
មេដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កំណត់គោលដៅកែទម្រង់កងទ័ពតាមយុទ្ធសាស្ត្រ “បង្រួមក្បាល ពង្រីកខ្លួន”

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈនូវទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់វិស័យការពារជាតិ ដោយផ្តោតលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធកងទ័ពតាមរូបមន្ត “បង្រួមក្បាល ពង្រីកខ្លួន” សំដៅបង្កើនប្រសិទ្ធភាពជួរមុខ និងកាត់បន្ថយភាពមិនចាំបាច់នៅផ្នែកបញ្ជាការដ្ឋានថ្នាក់លើ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការពង្រឹងខឿនការពារជាតិ គឺជាកិច្ចការយុទ្ធសាស្ត្រដែលត្រូវធ្វើជាប្រចាំ និងយូរអង្វែង មិនមែនធ្វើឡើងត្រឹមតែមួយឆាវដូច “ភ្លើងចំបើង” នោះឡើយ។
សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់ថា គោលដៅធំបំផុតនៃការកែទម្រង់ គឺការរៀបចំរចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាពបំផុត។ សម្ដេចបានបញ្ជាក់ថា៖ «និយាយសាមញ្ញគឺថា បង្រួមក្បាល ពង្រីកខ្លួន... ព្រោះខ្លួននិងជើងគឺជាអ្វីដែលជាប់ដៃ ហើយជាអ្វីដែលត្រូវដើរជាប្រចាំ»។ គោលការណ៍នេះមានន័យថា ការកាត់បន្ថយចំនួនមន្ត្រីដឹកនាំនៅថ្នាក់លើដែលលើសតម្រូវការ ហើយងាកមកពង្រឹងកម្លាំងអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន ឱ្យមានសមត្ថភាព គ្រឿងបំពាក់ និងការហ្វឹកហ្វឺនគ្រប់គ្រាន់។
ជាការឆ្លើយតបទៅ នឹងការរិះគន់អំពីការកើនឡើងនៃចំនួនមន្ត្រីមានបុណ្យស័ក្តិខ្ពស់ច្រើន សម្ដេចធិបតីបានពន្យល់ពីមូលហេតុប្រវត្តិសាស្ត្រ និងស្ថានភាពជាក់ស្តែងថា ចាប់តាំងពីឆ្នាំ១៩៩៨ មក ការរើសទ័ពថ្មីមានកម្រិត ខណៈយោធិនដែលមានស្រាប់បន្តបម្រើការងារ ដែលនាំឱ្យឋានន្តរស័ក្ដិកើនឡើងតាមអតីតភាពការងារ។
ទោះជាយ៉ាងណា សម្ដេចបានទទួលស្គាល់ថា ឋានានុក្រមបច្ចុប្បន្ននៅកន្លែងខ្លះមិនទាន់ស្របតាមស្ដង់ដារបច្ចេកទេសយោធានៅឡើយ។ សម្ដេចបានគូសបញ្ជាក់ថា៖ «ទៅថ្ងៃមុខ យើងនឹងរៀបទ័ពឱ្យបានលំដាប់លំដោយ... ធម្មតាស័ក្ដិ១ គឺជាមេកងអនុសេនាតូច កាន់ទ័ព៣០នាក់ជាង មិនមែនស័ក្ដិ១ ជាយុទ្ធជនទេ»។ នេះគឺជាសញ្ញាណនៃការចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់ឋានានុក្រមយោធាឡើងវិញ ឱ្យស្របតាមមុខងារ និងភារកិច្ចជាក់ស្ដែង។
សម្ដេចធិបតីក៏បានរំឭកផងដែរថា កម្ពុជាមានបទពិសោធន៍កែទម្រង់កងទ័ពតាំងពីឆ្នាំ១៩៧៩ និងការរំសាយទ័ពដ៏ធំនៅឆ្នាំ១៩៩៣ និង ១៩៩៨។ ក្រោយសន្តិភាពពេញលេញ កម្ពុជាបានកាត់បន្ថយថវិកាការពារជាតិ ដើម្បីបង្វែរទៅអភិវឌ្ឍវិស័យអាទិភាពដូចជា អប់រំ និងសុខាភិបាល។
ការប្រកាសពីគោលដៅ “បង្រួមក្បាល ពង្រីកខ្លួន” នាពេលនេះ ត្រូវបានគេមើលឃើញថា ជាបោះជំហានថ្មីមួយទៀតនៃរបៀបវារៈកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដើម្បីធានាថា កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងទំនើប ស្វិតស្វាញ និងមានសមត្ថភាពការពារបូរណភាពទឹកដី ក្នុងបរិបទសន្តិសុខតំបន់ដែលកំពុងប្រែប្រួល៕
ពីសារព័ត៌មាន The Khmer Daily News
