The Khmer Daily Network Logo

National

4 days agoLim_Rothanaksambath

លើកទី១ សហព័ន្ធស្រូវអង្ករកម្ពុជា នាំអង្ករក្រុមហ៊ុនខ្មែរទៅតាំងពិព័រណ៍ម្ហូបអាហារប្រចាំឆ្នាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក

លើកទី១ សហព័ន្ធស្រូវអង្ករកម្ពុជា នាំអង្ករក្រុមហ៊ុនខ្មែរទៅតាំងពិព័រណ៍ម្ហូបអាហារប្រចាំឆ្នាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
ភ្នំពេញ, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៖ ជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមតាំងពិព័រណ៍ម្ហូបអាហារប្រចាំឆ្នាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ឈ្មោះថា «Summer Fancy Food Show 2026» ដែលកម្មវិធីនេះរៀបចំឡើងនៅក្នុង មជ្ឈមណ្ឌលពិព័រណ៍ Javits ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលការចូលរួមនេះ ក៏មានការតាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។

ក្នុងនោះ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួន ប្រមាណជា ៣៦ នាក់។
តាមការឱ្យដឹងពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា «Summer Fancy Food Show 2026» គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅសហរដ្ឋអាម៉េរិក ដែលផ្ដោតសំខាន់លើការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ និងការច្នៃប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និងផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែងរកកិច្ចសន្យាលក់ក្នុងបរិមាណធំ។

រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRFរូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRF
ព្រឹត្តិការណ៍ Summer Fancy Food Show 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក ដែលមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ២៥០០ ក្រុមហ៊ុន មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

គួររំលឹកឱ្យដឹងផងដែរថា កម្មវិធីនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងទទួលបានការចូលរួមឧបត្ថម្ភថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមតាំងពិព័រណ៍ចំណីអាហារនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអង្ករដ៏មានគុណភាពរបស់កម្ពុជា និងធ្វើពិពិធកម្មទីផ្សារក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅសហរដ្ឋអាម៉េរិក៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3