The Khmer Daily Network Logo

Education

3 days agoLim_Rothanaksambath

មោទនភាពកូនខ្មែរ! ក្រុមស្ថាបត្យករកម្ពុជា ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មអាស៊ីឆ្នាំ២០២៦ បង្ហាញសក្តានុពល និងឧត្តមភាពការរចនា

មោទនភាពកូនខ្មែរ! ក្រុមស្ថាបត្យករកម្ពុជា ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មអាស៊ីឆ្នាំ២០២៦ បង្ហាញសក្តានុពល និងឧត្តមភាពការរចនា
ភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ ជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិនានា ដោយថ្មីៗនេះក្រុមហ៊ុន GUBIC + PARTNERS ជាក្រុមហ៊ុនស្ថាបត្យកម្មមួយនៅប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធី Asia Architecture Design Awards ២០២៦ ដែលរៀបចំកាលពីថ្ងៃ ២៦ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅ នៅ Dragon Pearl Cave ខេត្តក្វាងនិញ ប្រទេសវៀតណាម។
កម្មវិធីនេះ ប្រមូលផ្ដុំស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍន៍ និងអ្នកដឹកនាំច្នៃប្រតិដ្ឋបំផុសគំនិត ក្នុងការប្រារព្ធពិធីដែលមិនអាចបំភ្លេចបាននៃឧត្តមភាពរចនា។

លើសពីការចូលរួមបែបភ្ញៀវ តែជាមោទនភាពរបស់កូនខ្មែរ ដែលក្រុមហ៊ុន GUBIC + PARTNERS បានឈ្នះពានរង្វាន់ Asia Architecture Design Awards ក្នុងផ្នែក Asia’s Best Conceptual Interior Design សម្រាប់គម្រោង GUBIC Headquarters ពីកម្មវិធីពានរង្វាន់រចនាស្ថាបត្យកម្មអាស៊ីឆ្នាំ ២០២៦។

សមាជិកស្នូលនៃក្រុមរចនាគម្រោងនេះ រួមមាន លោក សារូន សេរីវឌ្ឍនៈ (Lead Concept Designer), លោក ឈុន គីមណា (Design Manager), លោក វណ្ណា អ៊ីមសំណាង (Architect), លោក អ៊ួន សុវណ្ណសុវាចា (Interior Designer) និង លោក ប្រុក លីហេង (Visualization Artist) សុទ្ធសឹងជាអតីតនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលកំពុងយកចំណេះដឹង ជំនាញ និងទេពកោសល្យ ទៅបង្កើតស្នាដៃមានតម្លៃសម្រាប់ប្រទេសជាតិ។

រូបភាព៖ ទំព័រហ្វេសប៊ុក Gubic + Partnersរូបភាព៖ ទំព័រហ្វេសប៊ុក Gubic + Partners
សមិទ្ធផលនេះ ជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់កិត្យានុភាពនៃវិជ្ជាជីវៈស្ថាបត្យកម្មកម្ពុជា និងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ លើឆាកតំបន់ និងសកលលោក និងបានឆ្លុះបញ្ចាំងពីសក្តានុពល និងសមត្ថភាពរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែង និងការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដែលមានការទទួលស្គាល់លើឧត្តមភាពនៃការរចនា ភាពច្នៃប្រតិដ្ឋ និងសមត្ថភាពវិជ្ជាជីវៈរបស់ស្ថាបត្យករ និងអ្នកជំនាញផ្នែករចនារបស់កម្ពុជា។
សមិទ្ធផលដ៏ឧត្តុង្គឧត្តមនេះ គឺជាភស្តុតាងបង្ហាញថា សមត្ថភាព ចំណេះដឹង និងការច្នៃប្រឌិតរបស់ស្ថាបត្យករ និងអ្នករចនាកម្ពុជា អាចឈានទៅប្រកួតប្រជែង និងទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ វាជាកម្លាំងជំរុញចិត្តដល់ស្ថាបត្យករ និងអ្នកជំនាញជំនាន់ថ្មី ឱ្យបន្តប្រកាន់ខ្ជាប់នូវឧត្តមភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងនវានុវត្តន៍ ដើម្បីបង្កើតស្នាដៃដែលមានគុណភាព សុវត្ថិភាព និងអត្តសញ្ញាណជាតិ។

សូមជម្រាបថា ក្រុមហ៊ុន GUBIC + PARTNERS មានសេវាកម្មទាក់ទងប្រឹក្សា និងអភិវឌ្ឍគម្រោង, រចនាស្ថាបត្យកម្ម, រចនាផ្ទៃខាងក្នុង, រចនាប្លង់មេ និងគម្រោងអភិវឌ្ឍន៍, សិក្សាគ្រឿងផ្គុំសំណង់, សិក្សាប្រព័ន្ធមេកានិច អគ្គិសនី និងទឹក (MEP) គ្រប់គ្រង និងសម្របសម្រួលគម្រោង៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2