The Khmer Daily Network Logo

Travel

3 days agoLim_Rothanaksambath

កម្ពុជាត្រៀមស្វាគមន៍ផលិតករអន្តរជាតិមកកាន់ទឹកដីអង្គរអច្ឆរិយៈ ក្រោយសម្រេចឱ្យផលិតភាពយន្តតាមប្រាសាទនាពេលរាត្រី

កម្ពុជាត្រៀមស្វាគមន៍ផលិតករអន្តរជាតិមកកាន់ទឹកដីអង្គរអច្ឆរិយៈ ក្រោយសម្រេចឱ្យផលិតភាពយន្តតាមប្រាសាទនាពេលរាត្រី
ភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ ជាផ្នែកនៃការផ្សព្វផ្សាយភាពរុងរឿងអស្ចារ្យនៃអាណាចក្រអង្គរខ្មែរ និងប្រាង្គប្រាសាទនានាដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកទ្វារស្វាគមន៍ផលិតករបរទេសឱ្យផលិតភាពយន្តតាមប្រាសាទនាពេលរាត្រី បន្ថែមលើការបើកចូលទស្សនា។

បានន័យថា មិនយូរទៀតនោះទេ កម្ពុជានឹងបើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាប្រាង្គប្រាសាទបុរាណក្នុងពេលរាត្រី ជាពិសេសថែមទាំងអាចផលិតភាពយន្ត ចម្រៀង និងស្ប៉តពាណិជ្ជកម្ម បានថែមទៀតផង។ នេះបើយោងតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។

ភ្ជាប់ជាមួយសេចក្តីប្រកាសផ្លូវការ ក្រសួងទេសចរណ៍ ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្តនិងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជា។

ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចសំខាន់ៗជាច្រើនផ្នែក រួមមាន៖
ទី១. រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព គាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជា
ទី២. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាពនៃការអនុវត្តផែនការខាងលើ
ទី៣. ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ដៃគូសហការ ភាគីជាតិ-អន្តរជាតិ ពាក់ព័ន្ធដំណើរការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្ប៉តពាណិជ្ជកម្ម និងការរៀបចំទស្សនាប្រាសាទពេលរាត្រី
ទី៤. សិក្សា កំណត់ និងរៀបចំតំបន់សក្ដានុពល
ទី៥. រៀបចំយន្តការលើកទឹកចិត្ត ដឹកនាំ សម្របសម្រួលយុទ្ធសាស្ត្រ ជំរុញការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្ប៉តពាណិជ្ជកម្មនៅកម្ពុជា
ទី៦. ជំរុញការអភិវឌ្ឍនិងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្តនៅកម្ពុជា
ទី៧. ដឹកនាំ សម្របសម្រួល ជំរុញសកម្មភាពទស្សនាប្រាសាទពេលរាត្រី
ទី៨. បង្កើនផលិតផលទេសចរណ៍ថ្មីៗ
ទី៩. ជំរុញការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សិល្បៈ ជំនឿ សាសនា កម្មវិធី និងសកម្មភាពពេលរាត្រី
ទី១០. សម្របសម្រួល ត្រួតពិនិត្យ គាំទ្រ ប្រតិបត្តិការសកម្មភាពដល់ការទស្សនាប្រាសាទពេលរាត្រី
ទី១១. សម្របសម្រួលនីតិវិធីនិងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការស្នើសុំផលិតផលទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្ប៉តពាណិជ្ជកម្ម និងការទស្សនាប្រាសាទពេលរាត្រី។

កម្ពុជា សូមស្វាគមន៍ផលិតករអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកមកកាន់ទឹកដីអច្ឆរិយៈអង្គរ ខេត្តសៀមរាប ជាកន្លែងដែលផ្ទុកទៅដោយអរិយធម៌ដ៏ចំណាស់ ប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ និងបេតិកភណ្ឌវប្បធម៌ដ៏វិសេស ដែលបានបន្សល់ទុកសម្រាប់មនុស្សជាតិទាំងមូល។

លើសពីសំណង់បុរាណ កម្ពុជាក៏ជាទឹកដីនៃវប្បធម៌រស់ ដែលបន្តស្នងពីជំនាន់មួយទៅជំនាន់មួយ។ របាំបុរាណខ្មែរ តន្ត្រីប្រពៃណី សិល្បៈល្ខោន សិប្បកម្ម និងប្រពៃណីទំនៀមទម្លាប់ផ្សេងៗ បានបង្ហាញពីភាពទន់ភ្លន់ ភាពថ្លៃថ្នូរ និងទស្សនវិជ្ជាជីវិតរបស់ប្រជាជនខ្មែរ។ វប្បធម៌ខ្មែរ មិនត្រឹមជាការចងចាំពីអតីតកាលទេ ប៉ុន្តែជាអត្តសញ្ញាណដែលនៅតែដកដង្ហើម និងរីកចម្រើនក្នុងសង្គមសម័យទំនើប។

វត្តមានរបស់បណ្តាផលិតករជាតិ-អន្តរជាតិ ជាចំណែកដ៏សំខាន់ក្នុងការប្រូម៉ូតផ្សព្វផ្សាយ និងការបញ្ជ្រាប soft power កម្ពុជាឱ្យពិភពលោកបានស្គាល់ តាមរយៈខ្សែភាពយន្តនានា៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍