The Khmer Daily Network Logo

National

3 days agoLim_Rothanaksambath

កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំ

កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំ
ភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ កម្ពុជា និងឥណ្ឌា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលអនុព័ន្ធយោធាឥណ្ឌាដែលទើបតែងតាំងថ្មី បានចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

តួយ៉ាង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Adhishek Arora អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី នៅអគ្គបញ្ជាការដ្ឋាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌាដែលបានគាំទ្រជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស និងបានកោតសរសើរចំពោះភាពជោគជ័យនៃលំហាត់សមយុទ្ធយោធាទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ (CINBAX-II) ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ស្ពឺ។ លោកបានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការចែករំលែកព័ត៌មាន ការប្រឆាំងភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ ការរក្សាសន្តិភាព ការបោសសម្អាតមីន ការធ្វើសមយុទ្ធរួមគ្នា និងការចូលចតនាវាជើងទឹក។

Photo Credit:  Cambodia High Command HeadquartersPhoto Credit: Cambodia High Command Headquarters
លោកវរសេនីយ៍ឯក Adhishek Arora បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ឥណ្ឌាក្នុងការគាំទ្រដល់តម្រូវការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់កម្ពុជា ហើយបានកត់សម្គាល់ថា ឧស្សាហកម្មការពារជាតិដ៏ទំនើបរបស់ឥណ្ឌាអាចផ្តល់នូវបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ រួមមានឧបករណ៍បោសសម្អាតមីន និងដ្រូនស៊ើបការណ៍ (Reconnaissance Drones) ជាដើម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញនូវភាពពេញចិត្ត និងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ឥណ្ឌាសម្រាប់ការអភិវឌ្ឍសមត្ថភាពយោធារបស់កម្ពុជា ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3