The Khmer Daily Network Logo

National

2 days agoLim_Rothanaksambath

កម្ពុជា និងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែរឹងមាំ

កម្ពុជា និងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែរឹងមាំ
ភ្នំពេញ, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា បន្ទាប់ពីកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងមេបញ្ជាការជាន់ខ្ពស់នៃភាគីទាំងពីរ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរៀបចំកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC)។
មេបញ្ជាការទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានពិភាក្សាអំពីទិសដៅទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់កិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស ភាគីទាំងពីរបានស្វាគមន៍ចំពោះភាពជោគជ័យនៃកិច្ចពិភាក្សារវាងនាយសេនាធិការកងទ័ពជើងគោក (Army Staff Talks) ដែលបានបង្កើតផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការយោធានាពេលអនាគត។

លើសពីនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការរៀបចំផែនការ និងការត្រៀមលក្ខណៈសម្រាប់លំហាត់ហ្វឹកហ្វឺន "ឆ្មាំអង្គរ ឆ្នាំ២០២៧" (Exercise Angkor Sentinel 2027) ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពធ្វើការរួមគ្នា (interoperability) ជំរុញការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

មេបញ្ជាការទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិស័យសហប្រតិបត្តិការនានានាពេលអនាគត និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហការលើវិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក រួមមាន ការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញលើវិស័យជាក់លាក់ (SMEE) ក្នុងវិស័យអាទិភាពនានា។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូដ៏យូរអង្វែងរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏ដូចជាទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕

រាយការណ៍ដោយ The Khmer Daily Network