The Khmer Daily Network Logo

National

1 day agoLim_Rothanaksambath

រយៈពេល ៣ទសវត្សរ៍ អង្គការដើម្បីភាពញញឹមនៃកុមារ បានចូលរួមកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

រយៈពេល ៣ទសវត្សរ៍ អង្គការដើម្បីភាពញញឹមនៃកុមារ បានចូលរួមកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងពិធីប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតរបស់វិទ្យាស្ថាន ប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ ស្ថិតនៅផ្ទះលេខ​ ៤០២ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ៣ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ។

ពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា ឬហៅកាត់ថា PSE នាពេលនេះ មិនត្រឹមតែជាការរម្លឹកដល់ដំណើរដ៏វែងឆ្ងាយរយៈពេល ៣ ទសវត្សរ៍របស់អង្គការ PSE ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃការផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅកាន់អនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ នេះការថ្លែងបញ្ជាក់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ក្នុងពិធីអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា និងពិធីប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិត របស់វិទ្យាស្ថាន ប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ នាព្រឹកមិញនេះ។

សម្ដេចធិបតី បានសម្តែងការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធ លោក Christian des Pallières និងសូមកោតសរសើរចំពោះលោកស្រី Marie-France des Pallières ដែលបានចាប់ផ្តើមបេសកកម្មមនុស្សធម៌នេះពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយដែលបានផ្លាស់ប្តូរជីវិតមនុស្សរាប់ម៉ឺននាក់ នៅក្នុង ៣ ទសវត្សរ៍កន្លងទៅនេះ និងបានកោតសរសើរចំពោះទស្សនវិស័យរបស់ PSE ដែលមិនត្រឹមតែផ្តល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើការបង្កើតសមត្ថភាព ឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងពិធីប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិត | រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងពិធីប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិត | រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យបណ្តាក្រសួងពាក់ព័ន្ធទាំងអស់ សូមបន្តជួយទៅដល់បេសកកម្មអង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា ឬហៅកាត់ថា PSE ហើយក៏យកឱកាសនេះដែរអរគុណទៅដល់អង្គការដៃគូ សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ជាពិសេសដៃគូដែលបានជួយជាថវិកាទ្រទ្រង់ជាច្រើនឆ្នាំមកនេះ ដើម្បីផ្តល់ផលប្រយោជន៍ជូនដល់ក្មួយៗ កូនចៅប្រជាពលរដ្ឋរបស់យើង ជាពិសេសអ្នកដែលពុំមានលទ្ធភាព។

សូមជម្រាបផងដែរថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណង ជួយដល់កុមារក្រីក្របំផុត ដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះ ចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ។


ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព។ បានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

រាយការណ៍ដោយ The Khmer Daily Network
End image 1
End image 2