National
• 1 day ago• Lim_Rothanaksambath
អាជ្ញាធរជាតិព្រះវិហារ ផ្តល់ចំណេះដឹងប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណ ដល់សិស្សានុសិស្ស និងសហគមន៍ បណ្តុះមនសិកាស្នេហាជាតិ

ភ្នំពេញ, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦៖ ជាការចូលរួមបណ្តុះឆន្ទៈ និងមនិសកាស្នេហាជាតិប្អូនៗកុមារជំនាន់ក្រោយ ដែលទំពាំងស្នងឬស្សី អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បានរៀបចំកម្មវីធីអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិកោះកេរ សរុបចំនួន៥៦នាក់ នៅក្នុងរមណីយដ្ឋាកោះកេរ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ពួកគាត់អំពី ប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណ កត្តានាំដល់ការខូចខាតប្រាសាទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទ និងបណ្តុះសា្មរតីឱ្យពួកគាត់ចេះស្រឡាញ់ប្រាសាទបុរាណខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា។
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងកម្មវិធីអប់រំនេះ ក្រុមការងារបានលើកយកគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ដែលគាំទ្រថវិកាដោយអង្គការអាលីប(ALIPH) នៃប្រទេសស្វីស មកពន្យល់ដល់អ្នកចូលរួមផងដែរ ដោយបង្ហាញពីស្ថានភាពប្រាសាទនៅមុននិងក្រោយការជួសជុល បច្ចេកទេសជួសជុលប្រាសាទបុរាណ និងឱ្យសិស្សានុសិស្សរៀនផាត់ពណ៌លើគំនូប្រាសាទក្រហម។
បន្ថែមពីនេះ ក្រុមការងារក៏បានបង្ហាញរូបប្រតិមាព្រះឥសូរាំ ក្រោយការជួសជុលដោយជោគជ័យ ដោយសាលាបារាំងចុងបូព៌ានៅខេត្តសៀមរាប ដើម្បីជាការបញ្ជ្រាបចំណេះដឹងប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណរបស់ខ្មែរយើង៕
ពីសារព័ត៌មាន The Khmer Daily Network



