The Khmer Daily Network Logo

National

6 hours agoLim_Rothanaksambath

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការអភិវឌ្ឍវិស័យកីឡាប្រកបដោយចីរភាព

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការអភិវឌ្ឍវិស័យកីឡាប្រកបដោយចីរភាព
ភ្នំពេញ, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Hajime សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) និងសហការី នៅព្រឹកថ្ងៃទី២ ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងរវាងកម្ពុជា និងជប៉ុន ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា ព្រមទាំងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរួមគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅការអភិវឌ្ឍវិស័យកីឡាប្រកបដោយចីរភាព។ បន្ថែមពីនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈអំពីការអភិវឌ្ឍកីឡា ការកសាងកីឡាករកម្រិតខ្ពស់ ការលើកកម្ពស់កីឡាក្នុងសាលារៀន និងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។

ក្នុងឱកាសនេះដែរ ភាគីជប៉ុនបានស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីលើកទី២០ និងជូនពរឱ្យគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យ។ ជាការឆ្លើយតប ភាគីកម្ពុជាបានអបអរសាទរប្រទេសជប៉ុនក្នុងការធ្វើជាម្ចាស់ផ្ទះ និងបានអញ្ជើញប្រទេសជប៉ុនចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្តពង្រឹង និងកែលម្អសមត្ថភាពកីឡា ពង្រីកការចូលរួមនៅក្នុងវិស័យកីឡា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍របស់ប្រទេសជប៉ុន ដែលជាប្រទេសឈានមុខគេមួយលើវិស័យកីឡាលំដាប់ពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីគន្លឹះជាយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបន្ថែមទៀត ក្នុងនោះរួមមាន៖

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡារូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
១. ការអភិវឌ្ឍអត្តពលិក និងគ្រូបង្វឹកតាមរយៈការផ្លាស់ប្ដូរបច្ចេកទេស និងកម្មវិធីបណ្ដុះបណ្ដាល
២. វិទ្យាសាស្ត្រកីឡា វេជ្ជសាស្ត្រកីឡា អាហារូបត្ថម្ភ និងការវិភាគសមត្ថភាព
៣. ការអភិវឌ្ឍកីឡា និងអប់រំកាយនៅសាលារៀន
៤. ការគ្រប់គ្រង និងអភិបាលកិច្ចកីឡា
៥. ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យកីឡា
៦. ការលើកកម្ពស់កីឡាប្រកបដោយបរិយាបន្ន និងឱកាសសម្រាប់ជនពិការ និង
៧. នវានុវត្តន៍ឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាកម្ពុជា តាមរយៈការបញ្ជូនគ្រូបង្វឹកជំនាញលើកីឡាជូដូ ការ៉ាតេដូ និងគាំទ្រដល់កម្មវិធី «Sport for Tomorrow» ដែលបានរួមចំណែកលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីអប់រំកាយនិងកីឡានៅកម្ពុជា៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2