National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តម ជា ធីរិទ្ធ៖ ការជួបសំណេះសំណាលថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ សម្តេចតេជោ ជាការអនុវត្ត និងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត

ភ្នំពេញ, ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
តួយ៉ាង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរីចំនួន៥០០ នាក់ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅសាលាខេត្តមណ្ឌលគិរី។
នេះជាបេសកកម្មលើកទី១៧ និងចំនួន២០ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង ,ប៉ៃលិន ,ខេត្តក្រចេះ និងមណ្ឌលគិរី នាថ្ងៃនេះ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរីសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។
សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ក៏ដូចជាបានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។
សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaជាមួយគ្នានោះ សម្តេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ ហើយជាថ្មីម្ដងទៀតនៅថ្ងៃនេះ សម្តេចតេជោបានបញ្ជាក់ទៀតថា សមាគមអតីតយុទ្ធជន និងនិវត្តជន គឺមិនគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអប់រំ នោះទេ ព្រោះក្រសួងមានសមាគមក្នុងវិស័យរបស់ខ្លួនតាំងពីមុនពេលបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនទៅទៀត។
ដោយឡែក អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ និងពង្រឹងលើកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីនេះ ទាក់ទងទៅនឹងការធ្វើអាជីវកម្មរ៉ែ កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។
សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ សម្ដេចតេជោក៏បានបន្តឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាមួយប្រទេសវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
ពីសារព័ត៌មាន The Khmer Daily Network

