The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អបអរសាទរ! ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ! ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ គឺជាខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

តួយ៉ាង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ទំព័រហ្វេសប៊ុកផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានរំលឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះដើមថា “ឦសានបុរៈ” ហើយបច្ចុប្បន្នស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទបុរាណនេះ ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេច ឦសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ (ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) ទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

នាឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈសារបំផុសគំនិតថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» ដើម្បីរួមគ្នាថែរក្សាការពារកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះឱ្យបានគង់វង្សទៅថ្ងៃអនាគត។

ភ្ជាប់ជាមួយសារអបអរសាទររបស់សម្តេចធិបតី កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ដើម្បីអបអរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងជំរុញកំណើនភ្ញៀវទេសចរ ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងផងដែរ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងក្រសួង ស្ថាប័ន, សមាគមឧស្សាហកម្មទេសចរណ៍, ក្រុមហ៊ុនឧបត្ថម្ភ និងផ្នែកឯកជន, ប្អូនៗ ក្មួយៗ អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs ព្រមទាំងបងប្អូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណ ២.០០០នាក់។

ការចូលរួមយ៉ាងច្រើនកុះករនេះ គឺជាកម្លាំងរួបរួម និងការគាំទ្រចេញពីទឹកចិត្តក្នុងការស្រឡាញ់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ ជាពិសេស ការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ស្របតាមទស្សនាទាន “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” “ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ” ដែលស្វាគមន៍ការមកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិមកពីទូទាំងសកលលោក៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1