The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

តារាសម្តែងឆ្នើម ស៊ីន យូប៊ីន ចង់ឱ្យកម្ពុជាក្លាយជាគោលដៅបន្ទាប់សម្រាប់ផលិតករភាពយន្តចិន

តារាសម្តែងឆ្នើម ស៊ីន យូប៊ីន ចង់ឱ្យកម្ពុជាក្លាយជាគោលដៅបន្ទាប់សម្រាប់ផលិតករភាពយន្តចិន
ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀនចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងនោះ លោក លឹម យូសួ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងសិល្បការនីឆ្នើមកម្ពុជា កញ្ញា ស៊ីន យូប៊ីន ចូលរួមនិងសហការរៀបចំ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ដែលមានកិច្ចសហការរៀបចំដោយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី រដ្ឋបាលទីក្រុងហ្វូចូវ និងខេត្តហ្វូចៀន ស្ថាប័ន China Film Achieve មហោស្រពអន្តរជាតិវិថីសូត្រ ព្រមទាំងមានការចូលរួមពីអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យភាពយន្តពីប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ ដែលមានការសម្តែងរបាំអប្សារា ការចាក់បញ្ចាំងភាពយន្តខ្មែរ និងការចុះហត្ថលេខារវាងផលិតកម្មនិងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ។ បន្ថែមពីលើនោះ តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន និងគណៈប្រតិភូស្ត្រីកម្ពុជា បានគ្រងឈុតសម្លៀកបំពាក់ប្រពៃណីចិនយ៉ាងប្រណីត និងស្រស់ស្អាត ជាការផ្លាស់ប្តូរមរតកវប្បធម៌ដ៏រស់រវើករវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលត្រូវបានប្រសិទ្ធនាមថាជា «មិត្តភាពដែកថែប»។

photo_1_2026-07-08_09-41-36.jpgphoto_1_2026-07-08_09-41-36.jpg
ឆ្លៀតឱកាសនោះ កញ្ញា ស៊ីន យូប៊ីន ក៏បានផ្តល់បទសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មានជាច្រើន និងបានបង្ហាញក្តីរីករាយដែលរូបនាងមានឱកាសបានត្រឡប់មកទីក្រុងហ្វូចូវ ជាថ្មីម្តងទៀត ដើម្បីចែករំលែកពីភាពស្រស់ស្អាត ភាពអស្ចារ្យ និងភាពរស់រវើកនៃសិល្បៈវប្បធម៌របស់ខ្មែរ និងអាចសិក្សាស្វែងយល់ពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិនដូចគ្នាដែរ។

ស្ថិតក្នុងឈុតសម្លៀកបំពាក់ហូលខ្មែរបុរាណដ៏ប្រណីត ជាមួយកន្លាស់អាវរូបទង់ជាតិព្រះរាជាណាចក្រកម្ពុជា យូប៊ីន ថា នាងតែងតែមានអារម្មណ៍អស្ចារ្យគ្រប់ពេលមកដល់ទឹកដីទីក្រុងហ្វូចូវ ប្រទសចិន។ អនាគតគ្រាន់តែជាពាក្យសន្យា ប៉ុន្តែប្រទេសកម្ពុជា និងប្រទេសចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយគ្នា និងមានចំណងចិត្តភាពដ៏រឹងមាំដូចពាក្យស្លោក «មិត្តភាពដែកថែប»។

ស៊ីន យូប៊ីន រៀបរាប់ថា «ខ្ញុំសង្ឃឹមថា បណ្តាក្រុមផលិតកម្មរបស់ចិន នឹងអាចជ្រើសរើសទឹកដីព្រះរាជាណាចក្រកម្ពុជាជាគោលដៅសម្រាប់ការផលិតភាពយន្តបន្ទាប់ ដូច្នេះយើងទាំងអស់គ្នានឹងអាចចែករំលែកពីវប្បធម៌រវាងគ្នានឹងគ្នាកាន់តែច្រើនឡើង។ ... ខ្ញុំជឿជាក់ថា ភាពយន្តគឺជាស្ពាននៃការផ្សារភ្ជាប់ទំនាក់ទំនង តាមរយៈផ្ទាំងសំពត់សរនៃរោងភាពយន្តកម្ពុជា ដែលនឹងបង្ហាញពីភាពរស់វើកនៃវប្បធម៌ខ្មែរដ៏ចំណាស់ និងមានប្រវត្តិយូរលង់ណាស់មកហើយ។ ខ្មែរមានសម្បត្តិមរតកដ៏អស្ចារ្យជាច្រើនលើសពីអ្វីដែលអាចពិពណ៌នាបាន។ ទោះបីប្រទេសជិតខាងមើលទៅមានភាពស្រដៀងគ្នា ប៉ុន្តែកម្ពុជាមានរបស់ដែលជារបស់ខ្លួន ដែលអាចឱ្យអ្នកគ្រប់គ្នាអាចសិក្សាស្វែងយល់អំពីកម្ពុជាយ៉ាងពិតប្រាកដ»។

យូប៊ីន ចង់ឱ្យមនុស្សជាតិគ្រប់គ្នាទូទាំងសកលលោកទទួលបានបទពិសោធន៍មកលេងស្រុកខ្មែរដោយផ្ទាល់ និងឃើញដោយភ្នែកផ្ទាល់ខ្លួនឯងពីភាពរស់វើករបស់កម្ពុជា និងភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា ហើយក៏ចង់ឱ្យគ្រប់គ្នាបើកចិត្តទទួលយកភាពយន្តខ្មែរដាក់ក្នុងដួងចិត្តផងដែរ។

ក្នុងកម្មវិធី សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ ក៏បានរៀបចំវេទិកា ស្ដីពី «បច្ចេកវិទ្យាស្តារភាពយន្តចាស់ៗ» ដែលមានការចូលរួមពីអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការអភិរក្ស និងអភិវឌ្ឍបច្ចេកវិទ្យាស្តារភាពយន្តចាស់ៗផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានឌីជីថលរបស់China Film Archive នៅក្រុងអានស៊ី (Anxi Digital Resource Center) ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាស្តារភាពយន្ត ពង្រឹងការផ្លាស់ប្ដូរបទពិសោធ និងឱកាសកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ព្រឹត្តិការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងភាពយន្ត ដោយផ្តោតលើការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មភាពយន្តឲ្យកាន់តែរីកចម្រើន៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2