The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

កម្ពុជាត្រូវបានជ្រើសជាប្រទេសកិត្តិយស មហោស្រពភាពយន្តនិយាយភាសាបារាំង លើកទី១៩ ខណៈត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០

កម្ពុជាត្រូវបានជ្រើសជាប្រទេសកិត្តិយស មហោស្រពភាពយន្តនិយាយភាសាបារាំង លើកទី១៩ ខណៈត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០
ភ្នំពេញ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៖ ជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា ដែលឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស សម្រាប់មហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

តួយ៉ាង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានសហការជាមួយក្រុមការងារមហោស្រព រៀបចំសន្និសីទសារព័ត៌មាននៅនិវេសនដ្ឋាន Charles Floquet ដើម្បីបង្ហាញអំពីព្រឹត្តិការណ៍ដ៏ពិសេសនេះ និងលើកតម្កើងវិស័យភាពយន្តកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានសម្តែងនូវក្តីរំភើប និងមោទនភាពយ៉ាងជ្រាលជ្រៅ ចំពោះការដែលកម្ពុជាទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ។ ការទទួលស្គាល់នេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

photo_2_2026-07-10_11-01-05.jpgphoto_2_2026-07-10_11-01-05.jpg
នេះជាសក្ខីភាពបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងតួនាទីដ៏សំខាន់របស់វប្បធម៌ ជាពិសេស វិស័យភាពយន្ត ក្នុងការលើកកម្ពស់កិច្ចសន្ទនារវាងប្រជាជន និងប្រជាជន។
ការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ជាឱកាសមួយដើម្បីឧទ្ទិសចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាបិតាស្ថាបនិកមួយរូបនៃចលនាហ្វ្រង់កូហ្វូនី និងជាឥស្សរជនដ៏សំខាន់ក្នុងវិស័យភាពយន្តកម្ពុជា។

ព្រះអង្គជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ និងតារាសម្តែង ហើយទ្រង់បានចាត់ទុកភាពយន្តជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងការពង្រឹងកិច្ចសន្ទនារវាងប្រជាជន និងប្រជាជន។ កេរដំណែលរបស់ព្រះអង្គ នៅតែបន្តរួមចំណែកបំផុសគំនិតសម្រាប់ការងើបឡើងវិញនៃវិស័យភាពយន្តកម្ពុជា និងរួមចំណែកដល់ការរីកចម្រើននៃវិស័យនេះនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លុយ ដាវីត ក៏បានរៀបរាប់អំពីដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្ត្រភាពយន្តកម្ពុជា ចាប់ពីយុគសម័យមាសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ការបំផ្លិចបំផ្លាញក្រោមរបបខ្មែរក្រហម មុននឹងលើកឡើងអំពីការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យភាពយន្តកម្ពុជា ដោយសារការខិតខំប្រឹងប្រែងរបស់ផលិតករភាពយន្តជំនាន់ថ្មី ដែលស្នាដៃរបស់ពួកគេកំពុងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕


ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2