The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តជំរុញឧស្សាហកម្មភាពយន្តឱ្យក្លាយជាអំណាចទន់របស់ជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តជំរុញឧស្សាហកម្មភាពយន្តឱ្យក្លាយជាអំណាចទន់របស់ជាតិ
ភ្នំពេញ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងកាលពីពេលថ្មីៗនេះថា រោងភាពយន្តមានតួនាទីសំខាន់ក្នុងការគាំទ្រភាពយន្តខ្មែរ ដោយពង្រីកឱកាសបញ្ចាំង សម្របសម្រួលកាលវិភាគឱ្យសមស្រប និងរួមចំណែកលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តគាំទ្រការវិនិយោគ ការកែលម្អគោលនយោបាយ និងពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញឱ្យឧស្សាហកម្មភាពយន្តកម្ពុជារីកចម្រើនប្រកបដោយចីរភាព និងក្លាយជាអំណាចទន់ (Soft Power) ដ៏សំខាន់របស់ជាតិ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ឯក ប៊ុនថា ក្នុងឱកាសខួបគម្រប់ ១៥ឆ្នាំ នៃរោងភាពយន្ត លេជេន ស៊ីណេម៉ា (Legend Cinema) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឯក ប៊ុនថា អបអរសាទរចំពោះសមិទ្ធផលរបស់ Legend Cinema ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យភាពយន្តកម្ពុជា តាមរយៈការផ្តល់សេវាបញ្ចាំងភាពយន្តប្រកបដោយគុណភាព ការនាំយកបច្ចេកវិទ្យាទំនើប និងការបង្កើតបទពិសោធន៍ថ្មីសម្រាប់ទស្សនិកជន។

គួររំលឹកឱ្យដឹងផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងថ្មី ដោយប្រកាសពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ និងបានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រកាសពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ និងការបិទរោងភាពយន្តថៃនៅកម្ពុជា ត្រូវគេមើលថា ជាឱកាសនៃភាពរីកលូតលាស់របស់ឧស្សាហកម្មភាពយន្តខ្មែរ, ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ, ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការជំរុញវិស័យទេសចរណ៍ជាដើម សុទ្ធសឹងតែអាចបញ្ជ្រាបតាមរយៈភាពយន្ត ហើយចំនុចទាំងនេះនឹងក្លាយជាអំណាចទន់ (Soft Power) ដ៏សំខាន់របស់ជំរុញ និងការអភិវឌ្ឍសង្គមជាតិ៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2