The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា ទស្សនកិច្ចនៅចិន ដើម្បីរឹតបណ្តឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦

កម្ពុជា ទស្សនកិច្ចនៅចិន ដើម្បីរឹតបណ្តឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅ ចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញអមដំណើរ សម្តេចធិបតី បំពេញទស្សនកិច្ចការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦នេះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានោះ ក៏នឹងមានការជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។

រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ក្រៅពីការអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។

ជារួម ដំណើរទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕

រាយការណ៍ដោយ The Khmer Daily Network
End image 1
End image 2