The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា និងសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ប្តេជ្ញាកសាងសហគមន៍វាសនារួមគ្រប់រដូវកាល ពិសេសការផ្សព្វផ្សាយទេសចរណ៍រួមគ្នា

កម្ពុជា និងសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ប្តេជ្ញាកសាងសហគមន៍វាសនារួមគ្រប់រដូវកាល ពិសេសការផ្សព្វផ្សាយទេសចរណ៍រួមគ្នា
ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន និងសហការី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកប្រធានសមាគមអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ព្រមទាំងបានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ប្រភព និងរូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaប្រភព និងរូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។

ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្ត្រីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។

គួរបញ្ជាក់ថា សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន គឺជាស្ថាប័នជាតិមួយរបស់ប្រទេសចិន ដែលមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូជុំវិញពិភពលោក៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1