The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

រយៈពេល ១ថ្ងៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបធុរជនចិន ៩រូប សុទ្ធសឹងក្រុមហ៊ុនវិនិយោគសំខាន់ៗ

រយៈពេល ១ថ្ងៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបធុរជនចិន ៩រូប សុទ្ធសឹងក្រុមហ៊ុនវិនិយោគសំខាន់ៗ
ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ “បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦”។

សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៥ កក្កដា ២០២៦ ដោយទទួលបានការស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។


បន្ថែមពីលើនោះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងមានការជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន រួមទាំងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។
ជាក់ស្ដែង រយៈពេលត្រឹមតែ ១ថ្ងៃ គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបធុរជនចិន ៩រូប សុទ្ធសឹងក្រុមហ៊ុនវិនិយោគសំខាន់ៗ ដែលក្នុងនោះរួមមាន៖

១. លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្ដប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។

២. លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្ដប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។

៣. លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម, ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង, វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

៤. លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CMEC គឺជាក្រុមហ៊ុនសំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៨។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុន Sinomach (China National Machinery Industry Corporation) ដែលជាស្ថាប័នគ្រប់គ្រងឧស្សាហកម្មគ្រឿងចក្រឈានមុខគេរបស់ប្រទេសចិន។ វិស័យអាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការម៉ៅការវិស្វកម្ម និងសំណង់, នាំចេញ-នាំចូលគ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តធុនធ្ងន់ បរិក្ខារវេជ្ជសាស្ត្រ សម្ភារសំណង់ និង សេវាកម្មដឹកជញ្ជូនអន្តរជាតិសម្រាប់គម្រោងធំៗ។

៥. លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន Haier Group គឺជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវកម្មរបស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ (Smart Home Business), ប្រព័ន្ធ Ecosystem IoT (Internet of Things) និង Smart Energy & Industrial Internet ។

៦. លោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។

៧. លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

៨. លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

៩. លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខមួយរបស់ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និងប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេកវិទ្យាសម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើបរិវត្តកម្មឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបម្រើអតិថិជន៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3