The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ច្រកទ្វារថ្មីសម្រាប់កសិផលកម្ពុជា! កម្ពុជា និង ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

ច្រកទ្វារថ្មីសម្រាប់កសិផលកម្ពុជា! កម្ពុជា និង ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២ នេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនោះ ឯកសារសំខាន់ៗចំនួន ២ កម្ពុជា និង ចិន ចុះហត្ថលេខាជាផ្លូវការ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។

២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បង គឺដើម្បីធានាថាគ្រប់កសិផលដែលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។


photo_1_2026-07-16_12-54-10.jpgphoto_1_2026-07-16_12-54-10.jpg
ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងសូមអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

សូមអបអរសាទរដល់ប្រជាកសិករ និងវិស័យឯកជនកម្ពុជាទាំងអស់ សម្រាប់ជំហានដ៏មានសារៈសំខាន់មួយនេះ!

ពីសារព័ត៌មាន The Khmer Daily Network
End image 1