The Khmer Daily Network Logo

National

18 hours agoLim_Rothanaksambath

សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពទំនាក់ទំនង កម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប

សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពទំនាក់ទំនង កម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប
ភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ជាថ្មីម្តងទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិន និងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម លី ឈាងបានសង្កត់ធ្ងន់ថា ចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក ហើយចិន ចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។

ប្រភព និង រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និង រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។

សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។

ក្នុងឱកាសនៃជំនួបនេះផងដែរ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3