The Khmer Daily Network Logo

National

16 hours agoLim_Rothanaksambath

រយៈពេលត្រឹម ៦ខែ មន្ត្រីអន្តោប្រវេសន៍ ឃាត់ស្ត្រីខ្មែរជិត២០០នាក់ សង្ស័យឆ្លងដែនគ្មានគោលបំណងច្បាស់លាស់

រយៈពេលត្រឹម ៦ខែ មន្ត្រីអន្តោប្រវេសន៍ ឃាត់ស្ត្រីខ្មែរជិត២០០នាក់ សង្ស័យឆ្លងដែនគ្មានគោលបំណងច្បាស់លាស់
ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ បានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ ស្របតាមគោលគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

ប្រមុខក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network