The Khmer Daily Network Logo

National

4 hours agoLim_Rothanaksambath

កម្ពុជា ច្រានចោលការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសថៃ និងអំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យាពេលវាស់វែងខណ្ឌសីមាព្រំដែនតាមកិច្ចព្រមព្រៀង

កម្ពុជា ច្រានចោលការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសថៃ និងអំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យាពេលវាស់វែងខណ្ឌសីមាព្រំដែនតាមកិច្ចព្រមព្រៀង
ភ្នំពេញ, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ ដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានអះអាងថានៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បាន «បិទទ្វារ» ចំពោះការចរចាព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់។

គួររំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ ទោះបីកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឱ្យធ្វើដូច្នេះក៏ដោយ។ ទន្ទឹមនេះ ក៏សូមកកត់សម្គាល់ផងដែរថា ខណៈដែលថៃកំពុងតវ៉ាប្រឆាំងនឹងកម្ពុជាចាប់ផ្តើមដំណើរការដោះស្រាយវិវាទក្រោម UNCLOS កន្លងមកនេះ ប្រទេសថៃខ្លួនឯងបានបង្ហាញពីចេតនារបស់ខ្លួនម្តងហើយម្តងទៀតក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ។

ដូច្នេះ កម្ពុជា សូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរក្រោមខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការអនុវត្តជាក់ស្តែងសម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។

ក្នុងនោះផងដែរ សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគទាំងពីរបានបញ្ជាក់ទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។

ការពន្យារពេលដំណើរការការងារខណ្ឌសីមាព្រំដែនគោកដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ។

ខាងក្រោមនេះជាសេចក្តីលម្អិតពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2