The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ទេសចរណ៍ទាក់ទាញវិនិយោគិន! ជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ ផ្សារភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យទេសចរណ៍

ទេសចរណ៍ទាក់ទាញវិនិយោគិន! ជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ ផ្សារភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យទេសចរណ៍
ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានសហការជាមួយ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) រៀបចំកម្មវិធីជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ (Cambodia Travel Match 2026 Mini-Series ) រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ ទាក់ទាញវិនិយោគិន ផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ថ្មីៗ និងបង្កើនជំនឿទុកចិត្តលើវិស័យទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង រួមទាំងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម ដោយប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារ ទេសចរណ៍ និងថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាសរុបចំនួន ៣៥ក្រុមហ៊ុន ដើមជួបផ្ទាល់រវាងអ្នកលក់ (Sellers) នៅក្នុងស្រុក អ្នកទិញមកពីឥណ្ឌា (Buyers)។

ប្រភព និងរូបភាព៖ ក្រសួងទេសចរណ៍ប្រភព និងរូបភាព៖ ក្រសួងទេសចរណ៍
ក្នុងនោះ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីលៀងសាយភោជន៍ក្នុងជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ (Networking Dinner CTM 2026) ដែលរៀបចំឡើងដោយ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ពិធីលៀងសាយភោជន៍ មានការអញ្ជើញចូលរួមពីសំណាក់ លោក T Tamesh លេខាទូតទី២ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា, ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB),លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ក្រុម «ខ», ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា,ភាគីពាក់ព័ន្ធវិស័យឯកជនសរុបប្រមាណ១២០នាក់។

ក្នុងរយៈពេល ៦យប់ ៧ថ្ងៃ នៃព្រឹត្តិការណ៍នេះ គណៈប្រតិភូឥណ្ឌានឹងអញ្ជើញចូលរួមក្នុងទស្សនកិច្ចវាយតម្លៃគោលដៅទេសចរណ៍ ជំនួបពាណិជ្ជកម្មទល់មុខ(B2B) កម្មវិធីបង្កើតបណ្តាញទំនាក់ទំនង ពិព័រណ៍ផលិត ផល ទេសចរណ៍ និងការដកស្រង់បទពិសោធន៍ វប្បធម៌ប្រវត្តិសាស្ត្រនៅតាមគោលដៅយុទ្ធសាស្ត្ររួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះរ៉ុង ផងដែរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2