The Khmer Daily Network Logo

Border Conflict

2 hours agoLim_Rothanaksambath

ប្រជាជនកម្ពុជាចងចាំគ្មានថ្ងៃបំភ្លេច! ១ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា

ប្រជាជនកម្ពុជាចងចាំគ្មានថ្ងៃបំភ្លេច! ១ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា
ភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦៖ ២៤ ខែកក្កដា ឆ្នាំ២០២៥ - ២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួប ១ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា។

បើយើងរំលឹកថយក្រោយទៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យើងចងចាំមិនភ្លេចនូវសកម្មភាពដែលយោធាថៃ បានចាប់ផ្តើមសកម្មភាពប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះ បានបន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងបានឆ្លាក់ជាការចងចាំដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។

រយៈពេល ១ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែភាពឈឺចាប់ និងការបាត់បង់ដែលបានកើតឡើងនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជាតិជានិច្ច ហើយការលះបង់របស់វីរយុទ្ធជន និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺស្ថិតជាការចងចាំមិនអាចបំភ្លេចបានក្នុងដួងចិត្តប្រជាជាតិកម្ពុជា។

ការចងចាំនេះ បានក្លាយជាកម្លាំងជំរុញឱ្យប្រជាជនកម្ពុជាបន្តពង្រឹងឯកភាពជាតិ មហាសាមគ្គីភាព និងការត្រៀមខ្លួនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការរំលោភបំពាននានា។

ក្នុងរយៈពេលកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរ ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ តាមរយៈកិច្ចការទូត ការចរចាទ្វេភាគី ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ កម្ពុជាបានបន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។

រូបភាព៖ ទំព័រហ្វេសប៊ុក សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodiaរូបភាព៖ ទំព័រហ្វេសប៊ុក សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការផ្តល់ជំនួយដល់អ្នករងគ្រោះ និងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី ដោយភាពអត់ធ្មត់ ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់។

ភាពឈឺចាប់ដ៏ធំធេងគ្មានថ្ងៃបំភ្លេចបាននេះ បានក្លាយជាចលករដ៏សំខាន់ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងកាតព្វកិច្ចកសាងជាតិ ដោយបានលើកឡើងថា «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព និងឯកភាពជាតិ មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»។

ប្រសាសន៍ដ៏មានអត្ថន័យនេះត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងក្នុងមតិសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ។
ក្នុងន័យនេះ ឯកឧត្តម ចង់លើកទឹកចិត្ត និងអំពាវនាវដល់ថ្នាក់ដឹកនាំរចនាសម្ព័ន្ធថ្មី ព្រមទាំងសមាជិក សមាជិកា ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបន្តធ្វើជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីស្នេហាជាតិ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន មិនចាំបាច់ទាល់តែមានការឈ្លានពានទើបយើងប្រឹងប្រែងបណ្តុះឡើយ។

ប្រជាជនកម្ពុជាចងចាំគ្មានថ្ងៃបំភ្លេចបាន! ១ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា។ សូមឧទ្ទិស និងគោរពដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាម៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3