The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ស្រុកបន្ទាយស្រី ពង្រឹងសមត្ថភាពគោលដៅទេសចរណ៍ឆ្ពោះទៅ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឱ្យស័ក្តិសមកិត្តិនាម «ត្បូងពេជ្រនៃបេតិកភណ្ឌអង្គរ»

ស្រុកបន្ទាយស្រី ពង្រឹងសមត្ថភាពគោលដៅទេសចរណ៍ឆ្ពោះទៅ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឱ្យស័ក្តិសមកិត្តិនាម «ត្បូងពេជ្រនៃបេតិកភណ្ឌអង្គរ»
ភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦៖ សិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ត្រូវបានរៀបចំឡើងក្នុងបំណងពង្រឹងការយល់ដឹង អំពីផលប៉ះពាល់នៃផ្សែងបារី ពង្រឹងការយល់ដឹងអំពីគោលនយោបាយទីក្រុងទេសចរណ៍គ្មានផ្សែងបារី បង្កើនសមត្ថភាពអនុវត្តរបស់មន្ត្រីរដ្ឋបាលស្រុក ឃុំ កងកម្លាំងនគរបាល និងភាគីពាក់ព័ន្ធ លើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ចូលរួមបង្កើតបរិយាកាសស្អាត និងមានសុខភាពល្អ និងកសាងភាពជាដៃគូរវាងរដ្ឋ អាជីវករ និងសហគមន៍ ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ រៀបចំផែនការអនុវត្តឱ្យមានប្រសិទ្ធភាព។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សែងបារី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលឃុំទាំង៥ ការិយាល័យចំណុះស្រុក អធិការដ្ឋាននគរបាលស្រុក នាយប៉ុស្តិ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សរុបប្រមាណ ១០០នាក់។

កិច្ចពិភាក្សាជារួម (Panel discussion) ដែលមានអ្នកសម្របសម្រួល និងវាគ្មិនកិត្តិយសមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា មន្ទីរទេសចរណ៍ រដ្ឋបាលស្រុក អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ ដែលផ្តល់ឱកាសជូនអ្នកចូលរួមទាំងអស់លើកជាសំណួរ ឬបទពិសោធន៍ដែលជួបប្រទះមកដោះស្រាយ និងចែករំលែក ត្រូវបានលើកយកមកជជែកពិភាក្សាស្វែងរកដំណោះស្រាយ និងការកែលម្អឱ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះផងដែរ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់ថា ការជ្រើសរើសយកស្រុកបន្ទាយស្រី ដើម្បីរៀបចំសិក្ខាសាលានេះមិនមែនជាការចៃដន្យនោះឡើយ ព្រោះថា ស្រុកបន្ទាយស្រីជា «ត្បូងពេជ្រនៃបេតិកភណ្ឌអង្គរ» ដែលល្បីល្បាញ និងមានធម្មជាតិដ៏ស្រស់បំព្រង ដោយសារប្រាសាទបន្ទាយស្រី សហគមន៍ទេសចរណ៍ និងធម្មជាតិដ៏ស្រស់ស្អាតដែលនឹងធ្វើឱ្យថ្នាក់ដឹកនាំមូលដ្ឋាន និងប្រជាពលរដ្ឋមានមោទនភាព។

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងផុលផុសក្នុងកិច្ចពិភាក្សាជារួម។ សិក្ខាសាលានេះបានបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រ និងការរួមគ្នាកសាងបរិស្ថានគ្មានផ្សែងបារី នៅក្នុងស្រុកបន្ទាយស្រី ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្រុកបន្ទាយស្រីរបស់យើងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

សូមជម្រាបឱ្យដឹងផងដែរថា ពាក្យថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនបញ្ជាក់ថាក្រុង ឬស្រុកនោះមិនមានអ្នកជក់បារីនោះទេ ប៉ុន្តែជាក្រុង ឬស្រុកដែលមិនមានអ្នកជក់បារី ឬអ្នកប្រើប្រាស់ផលិតផលថ្នាំជក់នៅកន្លែងដែលច្បាប់ហាមឃាត់ប៉ុណ្ណោះ។

ចាប់តាំងពីក្រសួងទេសចរណ៍ដាក់ចេញនូវយុទ្ធនាការ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ក្នុងនោះមានក្រុងចំនួន ៩ ដែលទទួលបានជ័យលាភីនេះ រួមមាន៖ ក្រុងច្បារមន (ខេត្តកំពង់ស្ពឺ), ក្រុងកែប (ខេត្តកែប), ក្រុងបាត់ដំបង (ខេត្តបាត់ដំបង), ក្រុងស្ទឹងសែន (ខេត្តកំពង់ធំ), ក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ), ក្រុងកំពត (ខេត្តកំពត), ក្រុងព្រៃវែង (ខេត្តព្រៃវែង), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) និងក្រុងប៉ៃលិន (ខេត្តប៉ៃលិន)។

សារៈសំខាន់ និងអត្ថប្រយោជន៍នៃការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺដើម្បីផ្នែកសុខភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាន គឺទី១. ជួយការពារសុខភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ពីគ្រោះថ្នាក់នៃផ្សែងបារី ទី២. រួមចំណែកកាត់បន្ថយជំងឺមិនឆ្លង ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការប៉ះពាល់ដោយផ្សែងបារី ទី៣. ជួយលើកកម្ពស់សោភ័ណភាពទីក្រុងធ្វើឱ្យបរិយាកាសស្អាត មានអនាម័យ និងគួរឱ្យទាក់ទាញ ទី៤. បង្កើនទំនុកចិត្ត និងការពេញចិត្តរបស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងបរិស្ថាន និងទី៥. ជួយបង្កើនភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍កម្ពុជា នៅលើទីផ្សារទេសចរណ៍តំបន់ និងពិភពលោក។

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2