The Khmer Daily Network Logo

International

8 hours agoLim_Rothanaksambath

នាយករដ្ឋមន្ត្រីជប៉ុន៖ មនុស្ស ១៣ នាក់ស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ នៅភាគនិរតីប្រទេសជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុន៖ មនុស្ស ១៣ នាក់ស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ នៅភាគនិរតីប្រទេសជប៉ុន
ភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារតំបន់ Kyushu (គ្យូស៊ូ) ភាគនិរតីនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយបង្កឱ្យមានការខូចខាតយ៉ាងដំណំ រួមមាន៖ ការឆេះផ្ទះ ការបាក់ស្ពាន ការបំផ្លិចបំផ្លាញបង្គោលដែកថែប ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK WORLD-JAPAN នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រនេះ បានកើតឡើងនៅក្នុងខេត្ត Kumamoto (គូម៉ាម៉ូតូ) នៅម៉ោង ៤:២៧ នាទីរសៀល។ គ្រោះរញ្ជួយដីនេះ ត្រូវបានកត់ត្រាក្នុងកម្រិត ៧ នៅលើមាត្រដ្ឋានកម្រិតរំញ័ររបស់ជប៉ុន ដែលជាកម្រិតខ្ពស់បំផុត ខណៈដែលការរញ្ជួយដីដែលមានកម្រិតខ្លាំងបែបនេះ ធ្លាប់បានកើតឡើងចុងក្រោយបំផុត នៅឧបទ្វីប Noto (ណូតូ) ក្នុងឆ្នាំ ២០២៤ ចំថ្ងៃចូលឆ្នាំសកល។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae (តាកាអុីឈី សាណេ) បានប្រកាសថា មនុស្ស ១៣ នាក់បានស្លាប់ បន្ទាប់ពីមានគ្រោះរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងខេត្ត គូម៉ាម៉ូតូ។ តួលេខនេះ រួមបញ្ចូលទាំងការស្លាប់មួយចំនួនដែលត្រូវបានគេជឿថាមានការពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះ។

ប្រភព និងរូបភាព៖ សារព័ត៌មាន NHK WORLD-JAPANប្រភព និងរូបភាព៖ សារព័ត៌មាន NHK WORLD-JAPAN
ជាមួយគ្នានោះ មន្ត្រីខេត្ត គូម៉ាម៉ូតូ ក៏បានផ្តល់តួលេខទាបជាងនេះ គិតត្រឹមម៉ោង ៩:៣០ ព្រឹកថ្ងៃពុធនេះ ដោយបាននិយាយថា មនុស្ស ៣ នាក់បានស្លាប់ ៥ នាក់ស្ថិតក្នុងស្ថានភាពគាំងបេះដូង និងសួត (cardiopulmonary arrest) និង ៣១ នាក់ផ្សេងទៀតបានរងរបួស។

គ្រោះរញ្ជួយដីនេះ ក៏បានវាយប្រហារផ្សារទំនើប អុីអន (AEON Mall) ក្នុងទីប្រជុំជន Kashima ដែលស្ថិតនៅក្បែរទីក្រុង Kumamoto។ មន្ត្រីបាននិយាយថា ជាន់ទី២ នៃអគារបានបាក់ស្រុត ហើយប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅផ្សារទំនើប AEON Mall Kumamoto បានបន្តធ្វើឡើងពេញមួយយប់។ មនុស្ស ២ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ ដែលជនរងគ្រោះទាំងពីរគឺជាស្ត្រីមានអាយុខ្ទង់ ២០ ឆ្នាំ។ ចំណែកអ្នកផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះ មិនមានរបួសធ្ងន់ធ្ងរដល់ជីវិតនោះទេ។

នៅទីតាំងរោងចក្រ Nippon Paper Industries ក្នុងទីក្រុង យ៉ាតស៊ូស៊ិរ៉ូ បានកត់ត្រាកម្រិតរំញ័រ ៦ ខ្ពស់ (upper 6) នៅលើមាត្រដ្ឋានរំញ័ររបស់ជប៉ុន ដោយមនុស្ស ២ នាក់ទៀត ត្រូវបានរកឃើញក្នុងស្ថានភាពគាំងបេះដូង និងសួត ចំណែកមនុស្ស ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ក្នុងនោះ មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីខ្លាំងបន្ថែមទៀត ដោយបានលើកឡើងថា «សម្រាប់រយៈពេលប្រហែលមួយសប្តាហ៍ខាងមុខ ជាពិសេស ២ ទៅ ៣ ថ្ងៃបន្ទាប់នេះ យើងសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចមានកម្រិតរំញ័រអតិបរមារហូតដល់ ៧»។

ពេលនេះ ទំហំនៃការខូចខាតនៅក្នុងខេត្ត គូម៉ាម៉ូតូ កំពុងលេចចេញជារូបរាងបន្តិចម្តងៗ។ ទីស្នាក់ការកណ្តាលនៃកងពន្លត់អគ្គិភ័យដែលទទួលខុសត្រូវលើតំបន់ រួមទាំងទីក្រុង អ៊ូគី (Uki) បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទជាច្រើនបន្ទាប់ពីមានការរញ្ជួយខ្លាំង ហើយបច្ចុប្បន្នកំពុងត្រួតពិនិត្យស្ថានភាពជាក់ស្តែង៕

ប្រភព៖ https://www3.nhk.or.jp/nhkworld/en/news/backstories/4982/

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3