The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ផលប៉ះពាល់មនុស្សធម៌បណ្តាលពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម នៅតែជាក្តីព្រួយបារម្ភរបស់កម្ពុជា

ផលប៉ះពាល់មនុស្សធម៌បណ្តាលពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម នៅតែជាក្តីព្រួយបារម្ភរបស់កម្ពុជា
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។

នេះជាការថ្លែងរបស់ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពស្តីពី «សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ៖ មេរៀនពីប្រទេសកម្ពុជា និងកូឡុំប៊ី» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉ក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងអង្គប្រជុំ ឯកឧត្តម យោង ចាន់សុភារ បានលើកឡើងអំពីបទពិសោធន៍ និងសមិទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំលេចនូវការរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៥៨៦ គីឡូម៉ែត្រការ៉េ។
ឯកឧត្តម ក៏គូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកងរក្សាសន្តិភាពប្រមាណ ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ចាប់តាំងពីឆ្នាំ២០០៦ និងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយជោគជ័យផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
សាជាថ្មីម្តងទៀត ឯកឧត្តម បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥ តែទន្ទឹមគ្នានោះ ឯកឧត្តម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកមនុស្សធម៌ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគីម្ខាងទៀត។

ឯកឧត្តម សង្កត់ធ្ងន់ថា ការណ៍នេះមិនត្រឹមតែបង្កផលប៉ះពាល់មនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធបន្ថែមលើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះរបស់កម្ពុជាផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2