The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

សាលាប៊ែលធី អន្តរជាតិ គ្រងជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រ «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦»

សាលាប៊ែលធី អន្តរជាតិ គ្រងជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រ «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦»
ភ្នំពេញ, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៖ យុវជនកម្ពុជាត្រូវបានជំរុញឱ្យពង្រឹងសមត្ថភាពលើបំណិនសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីត្រៀមខ្លួនសម្រាប់បរិវត្តកម្មឌីជីថល និងការប្រែប្រួលសកល។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦» កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បន្ទាប់ពីការតស៊ូមតិយ៉ាងស្វិតស្វាញលើប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា - Different Contexts, Common Aspirations» លទ្ធផលបានបង្ហាញថា ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមបដិសេធមកពី សាលាប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ, ម្ចាស់ជ័យលាភីលេខ២ បានទៅលើក្រុមស្របមកពី វិទ្យាល័យដំដែក ខេត្តសៀមរាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា វេទិកានេះមិនមែនត្រឹមតែជាការប្រកួតប្រជែងយកចាញ់ឈ្នះនោះទេ ប៉ុន្តែវាគឺជា «ឧបករណ៍អប់រំដ៏មានឥទ្ធិពល» ក្នុងការបណ្តុះបំណិនវិភាគ ភាពក្លាហាន ភាពជាអ្នកដឹកនាំ និងការធ្វើការងារជាក្រុម។

ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនឱ្យ ពង្រឹងចំណេះដឹងផ្នែកឌីជីថល ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា AI ដើម្បីសម្របខ្លួនក្នុងយុគសម័យថ្មី, បើកចិត្តឱ្យទូលាយចំពោះបញ្ហាសកល ដើម្បីសិក្សាភាសាបរទេស និងស្វែងយល់ពីផ្នត់គំនិតយុវជននៃបណ្តាប្រទេសផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារស្ម័គ្រចិត្ត និងសីលធម៌ ក្នុងចូលរួមសកម្មភាពក្រៅម៉ោងសិក្សា និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ក្នុងការរស់នៅ។


ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
សូមជម្រាបឱ្យដឹងផងដែថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រដូវកាលទី៧ ឆ្នាំ២០២៦ នេះ មានការចូលរួមយ៉ាងកុះករពីសំណាក់វិទ្យាល័យរដ្ឋ និងឯកជនចំនួន ៣២ គ្រឹះស្ថាន មកពី ២៥ រាជធានី-ខេត្ត តំណាងអង្គការ-សមាគមធំៗចំនួន ៤ រួមមាន គឺ កាកបាទក្រហមកម្ពុជា, កាយរឹទ្ធិជាតិកម្ពុជា, សមាគមកាយឫទ្ធិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និង សមាសភាពចូលរួមសរុបចំនួន ១៦០ នាក់ (ក្នុងនោះមានគ្រូដឹកនាំ គ្រូបង្វឹក និងបេក្ខជន)។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តបន្តបង្កើតឱកាសសិក្សាពេញមួយជីវិត ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាពលរដ្ឋគំរូ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2