The Khmer Daily Network Logo

ASEAN

2 hours agoLim_Rothanaksambath

កម្ពុជា ចាប់ផ្ដើមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២៣ ស្វាគមន៍ប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាស៊ានទាំង១០ និងសមាជិកអាស៊ានបូកបី

កម្ពុជា ចាប់ផ្ដើមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២៣ ស្វាគមន៍ប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាស៊ានទាំង១០ និងសមាជិកអាស៊ានបូកបី
ភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM SOM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3 SOM) បានបើកដំណើរការជាផ្លូវការហើយ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈកម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (Innovation for Better Public Service Delivery) ដោយមានការអញ្ជើញចូលរួមពីប្រតិភូមន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសដៃគូបូក៣ គឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមទាំងតំណាងពីលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា បានដឹកនាំការពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗ វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងការកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
គោលដៅចម្បងនៃកិច្ចពិភាក្សានេះ គឺដើម្បីធានាឱ្យបាននូវការឯកភាពគ្នាក្នុងកម្រិតបច្ចេកទេស និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់លទ្ធផលជោគជ័យនៃកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំមុខងារសាធារណៈអាស៊ាន។

ក្នុងនោះ​ គោលបំណង និងសារៈសំខាន់នៃកិច្ចប្រជុំ ACCSM លើកទី២៣ នេះ ផ្តោតសំខាន់លើ ការពង្រឹងកិច្ចសហប្រតិបត្តិការ៖ ជម្រុញសាមគ្គីភាពរវាងស្ថាប័នមុខងារសាធារណៈក្នុងតំបន់, ការផ្លាស់ប្តូរបទពិសោធ៖ ការចែករំលែកមេរៀនជោគជ័យលើការកែទម្រង់រដ្ឋបាលសាធារណៈ និង នវានុវត្តន៍៖ ការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស។

យោងតាមប្រភពពីក្រសួងមុខងារសាធារណៈ កម្ពុជាទទួលតួនាទីជាប្រធានប្តូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៦។ តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ក្រៅពីកិច្ចប្រជុំផ្លូវការ ក៏មានការរៀបចំ «វេទិកាស្តីពីអភិបាលកិច្ចល្អ» (Forum on Good Governance) ដើម្បីបង្កើនកិច្ចសន្ទនាឱ្យកាន់តែស៊ីជម្រៅលើការកែទម្រង់ស្ថាប័នក្នុងតំបន់។ នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យមុខងារសាធារណៈឱ្យក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់សហគមន៍អាស៊ាន៕

រាយការណ៍ដោយ សាររព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3