The Khmer Daily Network Logo

National

58 minutes agoLim_Rothanaksambath

ក្រសួងអប់រំ និងសមាគម អ.ម.ត ចុះអនុស្សរណៈរួមគ្នា ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសសិក្សាដល់យុវជនកម្ពុជា

ក្រសួងអប់រំ និងសមាគម អ.ម.ត ចុះអនុស្សរណៈរួមគ្នា ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសសិក្សាដល់យុវជនកម្ពុជា
ភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ក្នុងស្មារតីលើកកម្ពស់វិស័យអប់រំ និងការកសាងមូលធនមនុស្សនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ស្តីពី "កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស"។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគម អ.ម.ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីប្រធានសមាគម អ.ម.ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំមកពីគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានដើរតួនាទីជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយក្រសួងអប់រំ។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហការនេះមានគោលបំណងចម្បងក្នុងការផ្តល់ឱកាសឱ្យយុវជន និងនិស្សិតមកពីបណ្តាខេត្តនានា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ទទួលបានការសិក្សានៅកម្រិតឧត្តមសិក្សាប្រកបដោយសមធម៌។

យោងតាមរបាយការណ៍ គិតចាប់តាំងពីព្រឹត្តិការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នាខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំបានសម្របសម្រួលឱ្យនិស្សិតដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ១,២៦០នាក់ ទទួលបាន "អាហារូបករណ៍សម្តេចតេជោ" ដើម្បីបន្តការសិក្សាដោយមិនបង់ថ្លៃ។ ក្នុងនោះ និស្សិតចំនួន ៦៧១នាក់ បានចុះឈ្មោះចូលរៀនជាផ្លូវការក្នុងប្រព័ន្ធទិន្នន័យ អ.ម.ត ចាប់ពីកម្រិតបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត និងវេជ្ជបណ្ឌិតឯកទេស។

ជាមួយគ្នានោះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ “ការខ្វះខាតថវិកា ឬហិរញ្ញវត្ថុ មិនមែនជាកត្តាកំណត់ជោគវាសនារបស់យុវជនណាមួយឡើយ”។ លោកជំទាវបានបន្តថា MoU នេះមិនមែនគ្រាន់តែជាការផ្តល់អាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតយន្តការតាមដាន និងជ្រោមជ្រែងដើម្បីធានាថា សិស្ស-និស្សិតទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាកម្លាំងចលករដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia

ដើម្បីធានានូវប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានឯកភាពបង្កើត “គណៈកម្មការចំពោះកិច្ច” ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តការងារ ដែលគោលដៅសំខាន់ៗរួមមាន៖ ១. លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការតម្រង់ទិសជំនាញ និងការចែករំលែកបទពិសោធន៍សិក្សាទាំងក្នុង និងក្រៅប្រទេស ២. បង្កើតយន្តការសហការក្នុងការស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មានអប់រំ និង ៣. រៀបចំកិច្ចប្រជុំត្រីមាស ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ការវិនិយោគលើមូលធនមនុស្សនេះ គឺឆ្លើយតបយ៉ាងពេញលេញទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងបំផុត ដើម្បីធានានូវនិរន្តរភាព និងការរីកចម្រើនរបស់ប្រទេសជាតិក្នុងសតវត្សទី២១៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2